កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោក Joe Biden ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ បានផ្ដោតយុទ្ធនាការបោះឆ្នោតលើរដ្ឋដែលមានការប្រជែងខ្លាំង ដោយលោក Trump ទៅរដ្ឋ Pennsylvania រីឯលោក Biden ទៅរដ្ឋ Michigan។
លោក Trump បានធ្វើយុទ្ធនាការ ៤ កន្លែង នៅតាមទីក្រុងនានានៅទូទាំងរដ្ឋ Pennsylvania ដែលនៅក្នុងរដ្ឋនោះ លោកបានឈ្នះការបោះឆ្នោតដោយប្រកៀកប្រកិតកាលពីឆ្នាំ ២០១៦ ហើយការស្ទង់មតិបច្ចុប្បន្នបង្ហាញថា លោក Biden នាំមុខលោកតិចតួច។
យុទ្ធនាការទីមួយរបស់លោក គឺនៅក្នុងសង្កាត់ Newtown ដែលនៅទីនោះ លោកបានរិះគន់តុលាការកំពូលថា បានច្រានចោលកិច្ចប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋនៅក្នុងការរារាំងការពន្យារពេល ៣ ថ្ងៃ សម្រាប់មន្ត្រីបោះឆ្នោតនៃរដ្ឋ Pensylvania នៅក្នុងការទទួលសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍។
នៅក្នុងយុទ្ធនាការចុងក្រោយរបស់លោកនៅក្នុងសង្កាត់ Montoursville លោក Trump បានអះអាងថា លោកបានចុះហត្ថលេខាលើបទបញ្ជានីតិប្រិតិបត្តិមួយ ដែលស្នើឲ្យក្រសួងថាមពល ដឹកនាំការសិក្សាស្រាវជ្រាវមួយអំពីផលប៉ះពាល់នៃការរារាំងការទាញយកឧស្ម័នធម្មជាតិ។
ការទាញយកឧស្ម័នធម្មជាតិគឺជាប្រភពការងារដ៏ចម្បងនៅភាគខាងលិចរដ្ឋ Pennsylvania។ លោក Trump បានចោទលោក Biden ថា មានគម្រោងហាមឃាត់ការទាញយកឧស្ម័ននេះ ប្រសិនបើលោក Biden ជាប់ឆ្នោត។ លោក Biden បានច្រានចោលការចោទលោកនេះ។
ចំណែកឯលោក Biden វិញ បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាមួយនឹងលោកអតីតប្រធានាធិបតី Barack Obama ជាលើកដំបូងនៅក្នុងរដូវបោះឆ្នោតលើកនេះ។ លោកទាំងពីរបានឃោសនានៅក្នុងទីក្រុង Flint និងទីក្រុង Detroit នៃរដ្ឋ Michigan ដើម្បីទាក់ទាញអ្នកបោះឆ្នោត។
នៅក្នុងទីក្រុង Flint លោក Biden បានផ្ដោតលើវិធានការដោះស្រាយរបស់លោក Trump ចំពោះវិបត្តិជំងឺកូវីដ១៩។ លោក Biden និយាយថា៖ «យើងនឹងយកឈ្នះនិងគ្រប់គ្រងជំងឺនេះឲ្យបាន ហើយជំហានដំបូងដើម្បីធ្វើដូច្នេះបាន គឺត្រូវយកឈ្នះលោក Donald Trump»។
បើយោងតាមមធ្យមភាគនៃការស្ទង់មតិចម្បងៗដែលចងក្រងដោយគេហទំព័រ Real Clear Politics លោក Biden និងលោក Trump មានការប្រជែងប្រកៀកប្រកិតគ្នានៅក្នុងរដ្ឋ Florida រដ្ឋ Arizona និងរដ្ឋ North Carolina ចំណែកឯនៅក្នុងរដ្ឋ Michigan រដ្ឋ Pennsylvania និងរដ្ឋ Wisconsin វិញ គឺលោក Trump ស្ថិតនៅក្រោយលោក Biden៕