សប្តាហ៍នេះ វៀតណាមមានឱកាសក្លាយជាម្ចាស់ផ្ទះរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកដើម្បីបង្ហាញដល់វិនិយោគិនបរទេសដែលចង់ដឹងព័ត៌មានបន្ថែមថា វៀតណាមដែលជាប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿន អាចនាំចេញទំនិញទៅកាន់ប្រទេសចិន ឬសហរដ្ឋអាមេរិកបាន ដោយមិនរងផលប៉ះពាល់ពីជម្លោះពាណិជ្ជកម្មដែលកាន់តែរីកធំឡើងរវាងចិននិងអាមេរិកឡើយ។
លោក Frederick Burke ដែលជាបុគ្គលិកជាន់ខ្ពស់និងជាម្ចាស់មួយរូបនៃក្រុមហ៊ុនច្បាប់ Baker McKenzie ក្នុងទីក្រុង ហាណូយ ថ្លែងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រព្រឹត្តទៅពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍នេះ នៅក្នុងទីក្រុង ហាណូយ នេះ ផ្តល់ឱកាសឲ្យវៀតណាមអាចជួបជាមួយនឹងក្រុមហ៊ុនបរទេសមកពីប្រទេសជាច្រើន ដែលក្រុមហ៊ុនមួយចំនួនក្នុងចំណោមនោះមិនដែលទៅប្រទេសវៀតណាមអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
គណៈប្រតិភូប្រហែល ១០០០នាក់ទៅចូលរួមក្នុងកម្មវិធីនេះ ដែលផ្តោតទៅលើតំបន់អាស៊ីអាគ្នេយ៍។វៀតណាមចង់ធ្វើវិនិយោគជាមួយនឹងក្រុមហ៊ុនបរទេស ក្នុងការនាំចេញទំនិញនានា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចឲ្យនៅថេរពី៦ភាគរយទៅ៧ភាគរយដដែល។ អ្នកជំនាញនានានិយាយថា វៀតណាមប្រហែលជានឹងធ្វើឲ្យគណៈប្រតិភូទាំងនោះមានការភ្ញាក់ផ្អើលក្នុងឆ្នាំនេះ ដោយសារដែលវិនិយោគិនដែលវិនិយោគក្នុងប្រទេសវៀតណាមអាចនាំចេញទំនិញទៅកាន់ប្រទេសចិននិងសហរដ្ឋអាមេរិក ដោយមិនរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកឡើយ។
លោក Burke និយាយថា «នៅទីបំផុត អ្វីដែលសំខាន់គឺពាណិជ្ជកម្មនិងការរួមចំណែកខ្លាំងជាងមុននៅក្នុងសេដ្ឋកិច្ចសកលលោក ហើយរឿងទាំងអស់នេះកំពុងតែកើតឡើង។ នេះជាលើកទីមួយហើយដែលយើងឃើញមានក្រុមហ៊ុនមកពីប្រទេសធំៗជាច្រើនមកចូលរួមនិងវាយតម្លៃប្រទេសវៀតណាមផ្អែកលើការប្រែប្រួលលំហូរពាណិជ្ជកម្មនិងសេដ្ឋកិច្ចសកលលោក និងថាតើវៀតណាមកាន់ជំហរយ៉ាងណាក្នុងការពង្រឹងតួនាទីរបស់ខ្លួននៅក្នុងសង្វាក់ផ្តត់ផ្គង់»។
កិច្ចប្រជុំបន្ទាប់បន្សំទាក់ទាញការចាប់អារម្មណ៍ខ្លាំង
ព្រឹត្តិការណ៍នៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសវៀតណាម ដែលក្នុងនោះរួមមានមេដឹកនាំមកពីប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី សិង្ហបុរី ស្រីលង្កា ឥណ្ឌូណេស៊ី ហ្វីលីពីន និងមីយ៉ាន់ម៉ា ផ្តោតការពិភាក្សាទៅលើប្រជាជនចាស់ជរា សេដ្ឋកិច្ចអ៊ីនធឺណិត និងកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ មេដឹកនាំមួយចំនួនក្នុងចំណោមមេដឹកនាំទាំង៩នាក់ដែលទៅចូលរួមនោះ គ្រោងនឹងឡើងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនោះ។
វេទិកាសេដ្ឋកិច្ចពិភពលោកដែលមានអាយុកាល៤៧ឆ្នាំនេះ ជំរុញធ្វើឲ្យមានកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈនិងឯកជន ហើយបច្ចុប្បន្ននេះ មនុស្សជាច្រើនយល់ឃើញថា វេទិកានេះជាអង្គការមួយគាំទ្រពាណិជ្ជកម្មទីផ្សារសេរី។
ប៉ុន្តែអ្នកវិភាគជឿថា កិច្ចប្រជុំបន្ទាប់បន្សំទៅវិញទេ ដែលសំខាន់សម្រាប់វៀតណាម។ អ្នកជំនួញនឹងមើលឃើញហេដ្ឋារចនាសម្ព័ន្ធថ្មីនៅក្នុងប្រទេសនេះ ហើយប្រហែលជាដឹងអំពីការលើកទឹកចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការទាក់ទាញសហគ្រាសផលិតកម្មសម្រាប់ការនាំចេញនានា។ លោក Burke ថ្លែងថា «វៀតណាមកំពុងតែទាក់ទាញក្រុមហ៊ុនវិនិយោគបរទេសឲ្យបណ្តាក់ទុន»។
ការផលិតក្នុងប្រទេសវៀតណាមចំណាយអស់ប្រាក់តិចជាងក្នុងប្រទេសចិនដែលគេតែងតែទៅវិនិយោគនៅទីនោះពីមុនមក។ នេះគឺជាចំណុចទាក់ទាញនៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
វៀតណាមក៏ប្រហែលជាប្រើប្រាស់វេទិកានេះ ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសមួយចំនួនផងដែរ។ នេះបើយោងតាមលោក Carl Thayer សាស្ត្រាចារ្យកិត្តិយសជំនាញខាងតំបន់អាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ New South Wales ក្នុងប្រទេស អូស្ត្រាលី។ បើដូច្នេះមែន នោះគោលបំណងរបស់វៀតណាមនឹងខុសពីគោលបំណងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ផ្តោតតែលើកិច្ចព្រមព្រៀងទ្វេភាគីប៉ុណ្ណោះ។
ជាឧទាហរណ៍ វៀតណាមសង្ឃឹមថា នឹងមានការសម្រេចចុងក្រោយទៅលើប្រទេសកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានប្រទេសជាសមាជិកចំនួន១១ បន្ទាប់ពីសហរដ្ឋអាមេរិកដែលជាសមាជិកទី១២ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះកាលពីឆ្នាំមុន។
លោក Thayer ថ្លែងថា ដោយគិតគូរពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក វៀតណាមនឹងអាចប៉ាន់ស្មានដឹងនូវអ្វីដែលមេដឹកនាំដទៃទៀតគិត។ លោកថ្លែងបន្ថែមទៀតថា ប្រទេសទាំងនោះប្រហែលជាព្រួយបារម្ភដូចវៀតណាមដែរ ដែលជម្លោះពាណិជ្ជកម្មនោះនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញដែកថែបនិងរាំងស្ទះដល់សេដ្ឋកិច្ចឌីជីថល។ សហរដ្ឋអាមេរិកបានប្រកាសកាលពីដើមឆ្នាំនេះថានឹងយកពន្ធគយ ទៅលើដែកថែបដែលនាំចូលពីប្រទេសភាគច្រើននៅទូទាំងពិភពលោក។
លោក Thayer មានប្រសាសន៍ថា «គោលបំណងសំខាន់មួយនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ គឺដើម្បីឲ្យប្រទេសដទៃមើលឃើញប្រទេសវៀតណាមថាជាប្រទេសសមាជិកដ៏ល្អមួយនៅក្នុងពិភពលោក ដែលរួមចំណែកដើម្បីពិភពលោកនិងដើម្បីអត្ថប្រយោជន៍ផ្ទាល់ខ្លួនផងដែរ»។
វៀតណាមជាជម្រើសមួយក្រៅពីចិន
កាលពីខែមុន សហរដ្ឋអាមេរិកបានសម្រេចយកពន្ធគយ២៥ភាគរយទៅលើទំនិញនាំចូលពីចិនដែលមានតម្លៃជាទឹកប្រាក់១៦ពាន់លានដុល្លារ ក្រោយពីយកពន្ធក្នុងអត្រាដូចគ្នានេះទៅលើទំនិញដែលមានតម្លៃជាទឹកប្រាក់៣៤ពាន់លានដុល្លារកាលពីខែ កក្កដា។ រដ្ឋាភិបាលក្រុង ប៉េកាំង បានឆ្លើយតបនឹងករណីនីមួយៗ ដោយដំឡើងពន្ធគយក្នុងអត្រាដូចគ្នាទៅលើទំនិញនាំចូលពីអាមេរិក។ រដ្ឋាភិបាលអាមេរិកបានប្តេជ្ញាថានឹងដំឡើងពន្ធគយកាន់តែខ្ពស់ជាងនេះទៀត/
ក្រុមហ៊ុននានាដែលនាំចេញទំនិញពីវៀតណាមទៅកាន់សហរដ្ឋអាមេរិកនឹងចំណេញច្រើនជាងក្រុមហ៊ុនដែលនាំចេញទំនិញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដោយមានហានិភ័យតិចតួចប៉ុណ្ណោះចំពោះសង្វាក់ផ្គត់ផ្គង់ឆ្លងព្រំដែន។ នេះបើយោងតាមការបញ្ជាក់របស់បុគ្គលិកម្នាក់នៃក្រុមហ៊ុនផ្តល់ប្រឹក្សាខាងជំនួញ Dezan Shira & Associates ក្នុងទីក្រុង ហូជីមិញ កាលពីដើមឆ្នាំនេះ។
ក្នុងចំណោមក្រុមហ៊ុននានាដែលនាំចេញទំនិញពីវៀតណាមទៅសហរដ្ឋអាមេរិក ឥឡូវនេះក៏រួមមានក្រុមហ៊ុន Intel និងក្រុមហ៊ុន Samsung Electronics ផងដែរ។ ក្រុមហ៊ុនចិនហាក់ដូចជាចាប់អារម្មណ៍បង្កើតរោងចក្រកាន់តែច្រើននៅក្នុងប្រទេសវៀតណាម ដែលបង្កឲ្យមានការតវ៉ាកាលពីខែមិថុនា កន្លងទៅនេះ ដោយប្រជាពលរដ្ឋនៅក្នុងប្រទេសស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះភ័យខ្លាចថា ក្រុមហ៊ុនចិននឹងលទ្ធភាពច្រើនក្នុងការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ប្រទេសវៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាគោលដៅចម្បងសម្រាប់ការនាំចេញទំនិញកាលពីឆ្នាំមុន ដែលនៅពេលនោះវៀតណាមបាននាំចេញទំនិញដែលមានតម្លៃជាទឹកប្រាក់៤៦,៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអាមេរិក។ ការនាំចេញទៅសហរដ្ឋអាមេរិកកើនឡើង១២,៥ភាគរយ កាលពីខែ សីហា ខណៈដែលការនាំចេញទៅកាន់ប្រទេសចិនកើនឡើង៣០ភាគរយ។ ការវិនិយោគបរទេសក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន រួមចំណែកដល់ការនាំចេញដែលមានតម្លៃជាទឹកប្រាក់ ១៥៥,២៤ពាន់លានដុល្លារ។
អ្នកស្រី Alicia Garcia Herrero សេដ្ឋវិទូជាន់ខ្ពស់ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារវិនិយោគបារាំង Natixis បានថ្លែងថា វៀតណាមប្រហែលជាអាចបញ្ចុះបញ្ចូលអ្នកជំនួញនៅក្នុងវេទិកាសេដ្ឋកិច្ចនោះថា ប្រទេសវៀតណាមគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការវិនិយោគលើទំនិញពាក់កណ្តាលសម្រេចនានា ដូចជាគ្រឿងបន្លាស់អេឡិចត្រូនិកជាដើម។ អ្នកស្រីបានបន្ថែមថា ប្រទេសវៀតណាមគឺជាជម្រើសមួយដ៏ល្អក្រៅពីប្រទេសចិន ដោយសារតែវៀតណាមធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនផងនិងជាមួយសហរដ្ឋអាមេរិកផង។
អ្នកស្រីបានបន្ថែមទៀតថា «ខ្ញុំគិតថា ប្រទេសវៀតណាមអាចធ្វើបានល្អចំពោះបញ្ហានេះ»។
អ្នកស្រី Garcia បាននិយាយទៀតថា «នេះមានន័យថានឹងមានការវិនិយោគបរទេសដោយផ្ទាល់ទៅវៀតណាមកាន់តែច្រើន ដោយសារតែគេនឹងដឹងថា ប្រទេសវៀតណាមគឺជាកន្លែងដ៏ល្អមួយដើម្បីទាក់ទាញយ៉ាងហោចណាស់ក៏វិនិយោគមួយចំនួនពីប្រទេសចិនផងដែរ ពាក់ព័ន្ធនឹងសង្វាក់តម្លៃទៅកាន់អាមេរិក ហើយខ្ញុំគិតថា ចំណុចនេះគឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ប្រទេសវៀតណាម»៕
ប្រែសម្រួលដោយ ហុង ចិន្តា