ព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅឯសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារម្សិលមិញ ស្របពេលដែលភាពតានតឹងមានការកើនឡើងរវាងរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត និងរដ្ឋាភិបាលអ៊ីរ៉ង់។
លោក ត្រាំ បាននិយាយថា៖ «ប្រទេសអ៊ីរ៉ង់ធ្វើមិនបានសមរម្យចំពោះតំបន់មជ្ឈិមបូព៌ា ឬក៏ចំពោះពិភពលោកទាំងមូល។ រឿងរ៉ាវអាក្រក់ៗជាច្រើនកំពុងតែកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់»។
ដោយលើកឡើងពីការជិតដួលរលំនៃពួក ISIS នៅក្នុងតំបន់មជ្ឈិមបូព៌ា លោក ត្រាំ បានប្រកាសថា កងកម្លាំងយោធាសហរដ្ឋអាមេរិកនឹងចាកចេញពី «តំបន់មួយចំនួនដែលសហរដ្ឋអាមេរិកចង់ដកចេញជាយូរមកហើយ» ដោយលោកបាននិយាយថា៖ «មកទល់ពេលនេះ ប្រទេសដទៃទៀតអាចដោះស្រាយបញ្ហានេះបាន»។
ព្រះអង្គម្ចាស់ Mohammed bin Salman បានឆ្លើយតបថា៖ «ដោយសារតែហេតុដូច្នេះហើយ បានជាពួកយើងមកកាន់សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យច្បាស់ថា យើងបានក្ដាប់យកឱកាសទាំងអស់ ក៏ដូចជាជៀសវាងពីការគំរាមកំហែងទាំងអស់ដែលសហរដ្ឋអាមេរិក ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងពិភពលោកទាំងមូលកំពុងប្រឈម»។
លោក ត្រាំ បានបន្ថែមថា សហរដ្ឋអាមេរិក«គ្មានការអត់ធ្មត់ណាមួយចំពោះការឧបត្ថម្ភដល់ពួកភេរវជននោះទេ» ដោយលោកបានកត់សម្គាល់ឃើញថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំងលើបញ្ហានេះ «ហើយបណ្ដាប្រទេសមួយចំនួនទៀត» នៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ប្រឹងប្រែងធ្វើការលើរឿងនេះផងដែរ៕