កាលពីថ្ងៃចន្ទលោកប្រធានាធិបតី Donald Trump បានធ្វើការព្រមានដល់យោធាវ៉េណេស៊ុយអេឡាថា ពួកគេនឹងរស់នៅក្នុងស្ថានភាពគ្រោះទុរភិក្ស ប្រសិនបើពួកគេនៅបន្តគាំទ្រដល់លោកប្រធានាធិបតី Nicolas Maduro ជាជាងគាំទ្រប្រធានាធិបតីបណ្តោះអាសន្នលោក Juan Guaido ដែលគាំទ្រដោយសហរដ្ឋអាមេរិកនោះ។
នៅមុនសេចក្តីថ្លែងការរបស់លោក Trump ទៅកាន់សហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតវ៉េណេស៊ុយអេឡានៅទីក្រុង Miami សេតវិមានបានប្រកាសថាសហរដ្ឋអាមេរិកបានដឹងពីទីតាំងដែលមន្ត្រីយោធា និងក្រុមគ្រួសាររបស់ពួកគេលាក់ទុកទ្រព្យសម្បត្តិនៅជុំវិញពិភពលោក។
សេតវិមានក៏បានប្រកាសផងដែរថាលោកប្រធានាធិបតី Trumpនឹងបញ្ជាក់អះអាងថា ក្រុមមន្ត្រីយោធាវ៉េណេស៊ុយអេឡាមានជម្រើសថាតើនឹងចូលរួមធ្វើការដើម្បីទទួលបានលទ្ធិប្រជាធិបតេយ្យសម្រាប់អនាគតរបស់ពួកគេ និងអនាគតរបស់ក្រុមគ្រួសារពួកគេ ឬពួកគេចង់បាត់បង់អ្វីៗទាំងអស់ដែលពួកគេមាន»។
សេតវិមានបានក៏ឲ្យដឹងបន្ថែមទៀតថា លោក Trumpនឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់លោក Guaido ប្រធានរដ្ឋសភាជាតិ ជាអ្នកដែលត្រូវបានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអ៊ឺរ៉ុប និងបណ្តាប្រទេសអាមេរិកាំងខាងត្បូងជាច្រើនបានទទួលស្គាល់ថាជាប្រធានាធិបតីបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡា។ លោក Maduro នៅតែទទួលបានការគាំទ្រពីប្រទេសរុស្ស៊ី និងចិន។
សេតវិមានបានប្រកាសថា «ផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្នគឺមិនអាចផ្លាស់ប្តូរបាន។ កងម្លាំងយោធា និងកងកម្លាំងសន្តិសុខគួរស្តាប់លោកប្រធានាធិបតី Guaido និងអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅដល់ប្រទេសវ៉េណេស៊ុយអេឡា»៕