នៅក្នុងរយៈពេលមួយថ្ងៃមុនពេលការថ្លែងទៅកាន់សភារបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មន្ត្រីសេតវិមានបានសន្យាថា ការថ្លែងរបស់លោកនឹង «ផ្ដោតខ្លាំងលើការដោះស្រាយបញ្ហាពិតប្រាកដសម្រាប់ពលរដ្ឋ»។
មន្ត្រីជាន់ខ្ពស់សេតវិមានមួយរូបបានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានប្រធានាធិបតីកាលពីល្ងាចថ្ងៃចន្ទម្សិលមិញថា៖ «លោកប្រធានាធិបតីនឹងប្រាប់ប្រជាពលរដ្ឋឲ្យបានដឹងថា រដ្ឋាភិបាលកំពុងគិតគូរជួយពួកគេហើយ»។
ការថ្លែងរបស់លោក Trump ទៅកាន់សភាទាំងពីរថ្នាក់ ដែលនឹងធ្វើឡើងនៅម៉ោង ៩ យប់ ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃអង្គារនេះ មានចំណងជើងថា «ការធ្វើឲ្យទឹកចិត្តពលរដ្ឋអាមេរិកាំងមានភាពរស់រវើកឡើងវិញ» ហើយនឹងផ្ដោតជាចម្បងលើ «ឱកាសសេដ្ឋកិច្ច និងការការពារពលរដ្ឋអាមេរិកាំង»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនោះ។
ទោះបីជាមានការលើកឡើងខ្លះៗអំពីបញ្ហាគោលនយោបាយការបរទេសនៅក្នុងការថ្លែងរបស់លោក Trump ក៏ដោយ ក៏មន្ត្រីសេតវិមានថា ពួកគេមិនរំពឹងថា លោក Trump នឹងថ្លែងអំពីប្រទេសណាមួយជាក់លាក់នោះទេ។ ប៉ុន្តែ លោក Trump នឹងថ្លែងពីមូលហេតុដែលសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសេតវិមាន។
ជារួម ការថ្លែងនេះ «គឺជាទស្សនវិស័យសុទិដ្ឋិនិយមមួយសម្រាប់សហរដ្ឋអាមេរិក»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាល លោក Sean Spicer កាលពីលើកមុនក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានសង្ខេបប្រចាំថ្ងៃរបស់សេតវិមានប្រធានាធិបតី៕