ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើសន្ទរកថាប្រចាំឆ្នាំរបស់លោកស្តីពីស្ថានភាពសហព័ន្ធ ដោយលោកសុខចិត្តទទួលយកសេចក្តីអញ្ជើញពីសភាតំណាងរាស្រ្ត ដែលកាលពីពេលថ្មីៗនេះបានធ្វើការចោទប្រកាន់ដកហូតលោកចេញពីតំណែង។
សមាជិកព្រឹទ្ធសភាមានគម្រោងបោះឆ្នោតនៅថ្ងៃពុធនេះថាតើកាត់ទោសលោកប្រធានាធិបតីត្រាំនិងដកលោកចេញពីតំណែងដែឬទេ។ ការណ៍នេះប្រាកដណាស់ថា សមាជិកព្រឹទ្ធសភានឹងឲ្យលោករួចខ្លួនពីការចោទប្រកាន់ពីការរំលោភអំណាចនិងការរារាំងយុត្តិធម៌នៅពេលដែលគណបក្សសាធារណរដ្ឋរបស់លោកមានសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាដែលសំឡេងឆ្នោត ២ភាគ៣ នឹងត្រូវការសម្រាប់ធ្វើការចោទប្រកាន់និងដកលោកចេញពីតំណែង។
លោក David Cohen ជាសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយនៅឯសាកលវិទ្យាល័យ Akron និយាយថា «ការណ៍នេះមិនធ្លាប់មានកាលពីពេលមុននៅក្នុងប្រវត្តិសាស្ដ្ររបស់ប្រទេសយើងដែលមានសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធពីប្រធានាធិបតីដែលត្រូវចោទប្រកាន់ដកហូតពីតំណែង និងត្រូវឈរឈ្មោះបោះឆ្នោតប្រធានាធិបតីម្តងទៀត។ ព្រឹត្តិការណ៍ទាំងអស់នេះដូចជារឿងប្រលោមលោកនយោបាយដ៏រំជួលចិត្ត ក៏ប៉ុន្តែរឿងនេះកើតមានឡើងពិតប្រាកដ»។
សុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធលើកទី៣របស់លោកប្រធានាធិបតីត្រាំគឺ «ការត្រឡប់មកវិញរបស់ប្រទេសអាមេរិកអស្ចារ្យ»។
លោក Hogan Gidley អ្នកនាំពាក្យរងបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរពី VOA ថា «ខ្ញុំនឹងមិនបញ្ចេញជាមុននូវខ្លឹមសាររបស់សុន្ទរកថានោះទេ។ លោកប្រធា នាធិបតីបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្រ្តជាមួយប្រទេសផ្សេងៗ ដែលមនុស្សខ្លះនិយាយថា មិនអាចធ្វើបាន។ លោកប្រធានាធិបតីបានកំចាត់ភេរវជន២នាក់ដែលជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់ពលរដ្ឋអាមេរិកាំងនិងធ្វើឲ្យមនុស្សរាប់ពាន់អ្នករងរបួស ហើយខ្ញុំរំពឹងថា លោកអ្នកនឹងឮការសម្រេចជោគជ័យយ៉ាងច្រើនដែលលោកបានធ្វើសម្រាប់ទាំងគោលនយោបាយនៅក្នុងប្រទេសនិងនៅបរទេស»៕