នៅថ្ងៃចន្ទនេះ មនុស្សបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដើម្បីកាន់ទុក្ខឧត្ដមសេនីយ៍កំពូលអ៊ីរ៉ង់លោក Qassem Soleimani ដែលត្រូវបានសហរដ្ឋអាមេរិកសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រកន្លងទៅនេះនៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
លោក Esmail Qaani ដែលបានឡើងកាន់តំណែងជំនួសលោក Soleimani បានសន្យាសងសឹកសហរដ្ឋអាមេរិក ចំណែកឯប្រធានាធិបតីអាមេរិកលោក Donald Trump វិញ បានគំរាមវាយប្រហារកន្លែងវប្បធម៌អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់ពិតជាសងសឹកមែន។
លោក Trump បានប្រាប់អ្នកកាសែតនៅលើយន្តហោះ Air Force One កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញថា៖ «ពួកគេអាចសម្លាប់ពលរដ្ឋអាមេរិកាំង។ ពួកគេអាចធ្វើទារុណកម្ម និងធ្វើឲ្យរងរបួសដល់ពលរដ្ឋអាមេរិកាំង។ ពួកគេអាចប្រើគ្រាប់បែកដាក់តាមផ្លូវដើម្បីបំផ្ទុះពលរដ្ឋអាមេរិកាំង ហើយពួកយើងមិនអាចប៉ះពាល់កន្លែងវប្បធម៌របស់ពួកគេមែនទេ? វាមិនអាចអញ្ចឹងនោះទេ»។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ដែលផ្ញើទៅកាន់សហសេវិកខាងគណបក្សប្រជាធិបតេយ្យរបស់អ្នកស្រីថា រដ្ឋសភានឹងបោះឆ្នោតនៅក្នុងសប្ដាហ៍នេះលើសេចក្ដីសម្រេចអំពីសិទ្ធិអំណាចរបស់ប្រធានាធិបតីនៅក្នុងការប្រកាសសង្គ្រាម «ដើម្បីដាក់កំហិតចំពោះទង្វើយោធារបស់ប្រធានាធិបតីទាក់ទិននឹងរឿងអ៊ីរ៉ង់»។
អ្នកស្រី Pelosi បានហៅការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនេះថាជា «ការបង្កហេតុ និងគ្មានលក្ខណៈសមាមាត្រ»។ អ្នកស្រីបានបន្ថែមថា វាបានបង្កគ្រោះថ្នាក់ដល់ទាហានអាមេរិកាំង ស្របពេលដែលសហរដ្ឋអាមេរិកបង្កើនភាពតានតឹងជាមួយនឹងប្រទេសអ៊ីរ៉ង់។
លោក Trump បានសរសេរនៅលើ Twitter កាលពីថ្ងៃអាទិត្យម្សិលមិញថា សារតាមបណ្ដាញសង្គមតាមអ៊ីនធឺណិតរបស់លោក «គឺជាការជូនដំណឹងដល់សភាសហរដ្ឋអាមេរិកថា ប្រសិនបើអ៊ីរ៉ង់វាយប្រហារលើពលរដ្ឋអាមេរិកាំងណាម្នាក់ ឬក៏ទីតាំងណាមួយរបស់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកនឹងវាយប្រហាតតបតវិញយ៉ាងលឿន និងពេញទំហឹង និងប្រហែលជាក្នុងទម្រង់មួយដែលមិនមានលក្ខណៈសមាមាត្រ»៕