រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានថ្លែងថា កងកម្លាំងសហរដ្ឋអាមេរិកនឹងមិនដកចេញនោះទេ។ លោក Pompeo បានថ្លែងទៅកាន់ទូរទស្សន៍ Fox News ថា «យើងមានជំនឿថា ប្រជាជនអ៊ីរ៉ាក់នឹងចង់ឲ្យសហរដ្ឋអាមេរិកបន្តនៅទីនោះ»។
លោក Pompeo បានថ្លែងដូច្នេះ បន្ទាប់ពីសភាអ៊ីរ៉ាក់បានអនុម័តសេចក្ដីសម្រេចមួយ ស្នើឲ្យកងកម្លាំងបរទេសចាកចេញពីប្រទេសរបស់ខ្លួន ក្រោយពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសដែលបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ លោក Qasem Soleimani នៅក្បែរអាកាសយានដ្ឋានមួយក្នុងទីក្រុងបាកដាដ កាលពីសប្ដាហ៍មុន។ សហរដ្ឋអាមេរិកមានកងកម្លាំងចំនួន៥.២០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។
រដ្ឋាភិបាលអ៊ីរ៉ាក់ប្ដេជ្ញាលុបចោលសំណើរបស់ខ្លួនដែលបានស្នើសុំជំនួយពីក្រុមសម្ព័ន្ធមិត្តអន្តរជាតិដើម្បីប្រយុទ្ធជាមួយនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម ដោយសារតែប្រតិបត្តិការយោធានេះដល់ពេលត្រូវចប់នៅអ៊ីរ៉ាក់ ហើយក៏ទទួលបានជ័យជម្នះហើយដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកតំណាងរាស្ត្រដែលបានលើកឡើងនៅក្នុងសេចក្ដីសម្រេចដែលត្រូវបានអនុម័តកាលពីថ្ងៃទី៥ ខែមករានោះ។
អ្នកតំណាងរាស្ត្រទាំងនោះបានលើកឡើងទៀតថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Adil Abdul-Mahdi ត្រូវតែធ្វើការដើម្បីលែងឲ្យមានវត្តមានរបស់កងកម្លាំងបរទេសនៅលើទឹកដីអ៊ីរ៉ាក់ និងហាមឃាត់មិនឲ្យបរទេសប្រើប្រាស់ផ្លូវគោក ផ្លូវអាកាស ឬផ្លូវទឹករបស់ខ្លួនដើម្បីធ្វើអ្វីមួយនោះទេ។
សេចក្ដីសម្រេចរបស់រដ្ឋសភាមិនតម្រូវឲ្យរដ្ឋាភិបាលធ្វើតាមនោះទេ ប៉ុន្តែលោក Abdul-Mahdi បានជំរុញឲ្យសភាចាត់វិធានការជាបន្ទាន់នានា និងលែងឲ្យមានវត្តមានកងកម្លាំងបរទេសកាន់តែឆាប់តាមតែអាចធ្វើបាន៕