ក្រុមអ្នកឃោសនាបោះឆ្នោតរបស់លោកស្រី Hillary Clinton និងលោក Donald Trump បានចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងខ្លាំង បន្ទាប់ពីកាសែត New York Times បានបោះពុម្ពផ្សាយអ្វីដែលហាក់ដូចជាផ្នែកមួយនៃឯកសារពន្ធដាររបស់បេក្ខជនប្រធានាធិបតីស.រ.អាខាងគណបក្សសាធារណរដ្ឋរូបនេះ។
ដោយបានត្រូវបញ្ជូនបែបអនាមិកទៅឱ្យសារព័ត៌មាន New York Times ឯកសារទាំងនេះបង្ហាញថា លោក Trump បានប្រកាសថា លោកបានខាតបង់ ៩១៦លានដុល្លារក្នុងឆ្នាំ១៩៩៥ ដែលអនុញ្ញាតឱ្យមហាសេដ្ឋីអចលនទ្រព្យរូបនេះមិនបាច់បង់ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំបន្តបន្ទាប់ ដែលមានទឹកប្រាក់សរុបដូចគ្នា។
ការលាតត្រដាងឱ្យដឹងនេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកស្រី Clinton ដែលជាបេក្ខជនប្រធានាធិបតីអាមេរិកាំងពីគណបក្សប្រជាធិបតេយ្យបានធ្វើការវាយប្រហារតាមពាក្យសម្តីច្រើនដងអំពីកិច្ចការហិរញ្ញវត្ថុរបស់លោកនិងអំពីការប្រកែករបស់លោកក្នុងការមិនព្រមផ្សព្វផ្សាយឱ្យដឹងអំពីឯកសារពន្ធដាររបស់លោកនៅក្នុងការជជែកដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីទាំងពីរនាក់កាលពីថ្ងៃចន្ទ។
ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រី Clinton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា«ក្នុងមួយឆ្នាំ Donald Trump រកស៊ីខាតជិតមួយពាន់លានដុល្លារ។ មួយពាន់លានដុល្លារជាការច្បាស់លាស់គឺគាត់គេចវេសមិនបង់ពន្ធដារជិតពីរទសវត្សរ៍ នៅពេលដែលគ្រួសារអ្នកធ្វើការងារអាមេរិកាំងរាប់សិបលានបានបង់ពន្ធដាររបស់ពួកគេ»៕