លោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បានប្រកាសពីខាតបង់ប្រាក់ចំនួន៩១៦លានដុល្លារនៅក្នុងការបង់ពន្ធដារប្រាក់ចំណូលផ្ទាល់ខ្លួនប្រចាំឆ្នាំ១៩៩៥ នេះយោងតាមអត្ថបទនៃសេចក្តីរាយការណ៍របស់កាសែត The New York Times។ របាយការណ៍នោះបានប្រាប់ឲ្យដឹងថា ការដកពន្ធអាចអនុញ្ញាតឲ្យលោកTrumpបញ្ចៀសការបង់ពន្ធប្រាក់ចំណូលផ្ទាល់ខ្លួនប្រចាំឆ្នាំរបស់សហព័ន្ធរហូតដល់១៨ឆ្នាំ។
កាសែត The New York Times បានរាយការណ៍ថា ការខាតបង់ប្រាក់ជិត១ពាន់លានដុល្លារនេះ ល្មមគ្រប់គ្រាន់ដើម្បីកាត់បន្ថយប្រាក់ចំណូលជាប់ពន្ធចំនួន៥០លានដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេល១៨ឆ្នាំ។ កាសែតនោះបានរាយការណ៍ទៀតថា ខ្លួនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញខាង ដែលមិនបានឃើញថា លោក Trump បានធ្វើអ្វីខុសច្បាប់ទាល់តែសោះនៅក្នុងឯកសារពន្ធរបស់លោកនោះ ដែលការណ៍នេះធ្វើឲ្យលោកអាចទាញផលប្រយោជន៍ពីច្បាប់ពន្ធដារ ដែលឲ្យតម្លៃទៅលើក្រុមគ្រួសារអ្នកមានដូចជាលោក Trump ដែលមានទ្រព្យសម្បត្តិនៅក្នុងបណ្តាញក្រុមហ៊ុនមានការទទួលខុសត្រូវមានកម្រិត និងសាជីវកម្ម S។
លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានផ្តល់ការមន្ទិលសង្ស័យកាលពីថ្ងៃចន្ទនៅឯការជជែកដេញដោលបេក្ខជនប្រធានាធិបតីថា លោក Trump មិនបានបញ្ចេញពន្ធប្រាក់ចំណូលផ្ទាល់ខ្លួនប្រចាំឆ្នាំរបស់លោក ពីព្រោះពន្ធប្រចាំឆ្នាំនោះ នឹងបង្ហាញថា លោក Trump មិនបានបង់ពន្ធសហព័ន្ធ។ លោក Trump បានឆ្លើយទៅកាន់លោកស្រី Clinton នៅឯការជជែកដេញដោលនោះដោយនិយាយថា «បញ្ហានេះធ្វើឲ្យខ្ញុំកាន់តែឈ្លៀសវៃឡើង»៕