ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានធ្វើយុទ្ធនាការឃោសនាបោះ ឆ្នោតឈរឈ្មោះប្រធានាធិបតីអាណត្តិទី២របស់លោកកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Old Forge រដ្ឋ Pennsylvania ដែលស្ថិតនៅមិនដល់៩គីឡូម៉ែត្រផងពីទីកន្លែងកំណើតរបស់លោក Joe Biden ប៉ុន្មានម៉ោងមុនលោក Biden បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកា។
សុន្ទរកថារបស់លោកត្រាំ បានផ្តោតលើអ្វីដែលលោកបាននិយាយថា «ជាការបរាជ័យរបស់លោកJoe Biden ពាក់កណ្តាលសតវត្សរ៍សម្រាប់ប្រទេសអាមេរិក» ក៏ប៉ុន្តែ សុន្ទ រកថារបស់លោកក៏មានគោលបំណងបង្កើនការគាំទ្ររបស់លោកនៅក្នុងរដ្ឋនោះដែល អាចក្លាយជារដ្ឋដ៏សំខាន់មួយសម្រាប់ការជាប់ឆ្នោតប្រធានាធិបតីអាណត្តិទី២របស់លោក។
លោកប្រធានាធិបតីត្រាំ បានប្រាប់ពួកអ្នកគាំទ្ររាប់រយនាក់នៅក្នុងទីក្រុង Old Forge ដែលស្ថិតនៅក្បែរទីក្រុងScranton ដែលលោក Biden បានចាប់កំណើតថា «លោក Biden បានបោះបង់ចោលរដ្ឋ Pennsylvania ហើយ។ លោក Biden បានបោះបង់ចោលទីក្រុង Scranton ហើយ»។
លោកប្រធានាធិបតីបានមានប្រសាសន៍ទៀតថា «ក៏ប៉ុន្តែលោក Biden បានចំណាយពេលពាក់កណ្តាលសតវត្សរ៍នៅរដ្ឋធានីវ៉ាស៊ីនតោន បោះបង់ចោលប្រទេសយើងហើយនឹងអនុញ្ញាតិឲ្យប្រទេសម៉ិចសិចចិននិងប្រទេសផ្សេងទៀតលួចការងាររបស់ប្រទេសយើង»។
នៅឆ្នាំ២០១៦លោកប្រធានាធិបតីត្រាំ បានឈ្នះនៅរដ្ឋ Pennsylvania ដោយសន្លឹកឆ្នោត៤ម៉ឺន៥ពាន់សន្លឹកលើលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណ បក្សប្រជាធិបតេយ្យ។ ចាប់តាំងពីនោះមក លោកបានខ្វែងគំនិតគ្នាជាមួយអភិបាលរដ្ឋខាងគណបក្សប្រជាធិបតេយ្យរបស់រដ្ឋ Pennsylvania អំពីការខំប្រឹងប្រែងបើកសេដ្ឋ កិច្ចរដ្ឋនោះឡើងវិញក្នុងអំឡុងនៃការរាតត្បាតមេរោគកូរ៉ូណា៕