លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងបើកតំបន់រុករកប្រេងនានាឡើងវិញកន្លែងដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបិទ ដែលជាចំណាត់ការមួយដែលក្រុមបរិដ្ឋានបានសន្យាបានប្រឆាំងដើម្បីការពារតំបន់ទាំងនោះ។
នៅក្នុងបទបញ្ជាប្រធានាធិបតីមួយកាលពីថ្ងៃសុក្រ លោកប្រធានាធិបតីបានច្រានចោលសេចក្តីសម្រេចរបស់រដ្ឋបាលលោក អូបាម៉ា ដែលហាមឃាត់ការខួងប្រេងនិងឧស្ម័ននៅផ្ទៃទឹកមហាសមុទ្រទឹកកកអាកតិចទល់មុខរដ្ឋអាឡាស្កា។
បទបញ្ជាប្រធានាធិបតី ក៏បានណែនាំក្រសួងការពារឧទ្យានធម្មជាតិពិនិត្យមើលឡើងវិញនូវបទបញ្ញត្តិនៅពេលបច្ចុប្បន្ននេះស្តីពីការអភិវឌ្ឍថាមពលនៅក្នុងមហាសមុទ្រ អាត្លង់តិកនិងឈូងសមុទ្រម៉ិចស៊ិក។ បន្ថែមពីនោះទៀត បទបញ្ញត្តិនោះរារាំងមិនឲ្យបង្កើតឬពង្រីកទីជម្រកសត្វសមុទ្រហើយបញ្ជាឲ្យពិនិត្យមើលឡើងវិញនូវតំបន់ទាំងអស់ដែលបានការពារនៅក្នុងរយៈពេល១០ឆ្នាំ។
សេតវិមានប្រាប់ឲ្យដឹងថា ប្រេងចំនួន៩០ពាន់លានធុងនិងឧស្ម័ន៣២៧លានលានគុបបានស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រសហរដ្ឋអាមេរិក ក៏ប៉ុន្តែ ៩៤ភាគរយនៃតំបន់ទាំងនោះបានស្ថិតនៅក្នុងការហាមឃាត់។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍នៅឯការចុះហត្ថលេខាក្នុងពិធីមួយនៅសេតវិមានថា៖ «ការបន្តយកថាមពលពីសមុទ្រ នឹងកាត់បន្ថយតម្លៃថាមពល បង្កើតការងារថ្មីរាប់មិនអស់ហើយនិងធ្វើឲ្យប្រទេសអាមេរិកមានសន្តិសុខនិងឯករាជ្យភាពខាងឋាមពលកាន់តែខ្លាំងឡើង»។
នេះជាចំណាត់ការថ្មីបំផុតពីរដ្ឋបាលរបស់លោកត្រាំដែលមានគោលបំណងបង្កើនផលិតផលថាមពលនៅក្នុងប្រទេស ហើយនិងការបន្ធូបន្ថយបទបញ្ញត្តិខាងបរិស្ថាន៕