ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ជ្រើសរើសបេក្ខជនដើម្បីដឹកនាំទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលឬ USAGM


ជញ្ជាំអគារ​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ USAGM
ជញ្ជាំអគារ​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​ USAGM

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបានប្រកាសថាលោក Brent Bozell III ជាបេក្ខជនរបស់លោកដើម្បីដឹកនាំទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលឬ USAGM ដែលមើលការខុសត្រូវលើសំឡេងសហរដ្ឋអាមេរិកឬវីអូអេនិងបណ្តាញព័ត៌មានឯករាជ្យផ្សេងទៀត។

លោក Bozell ជាសកម្មជននយោបាយអភិរក្សនិយមនិងជាអ្នកនិពន្ធដែលបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយហៅកាត់ថា MRC ដែលជាអង្គការមួយដែលបង្កើតឡើងដើម្បីទប់ទល់នឹងអ្វីដែលខ្លួនបានហៅថាជាការលម្អៀងទៅខាងសេរីនិយមក្នុងប្រព័ន្ធផ្សព្វផ្សាយនិងវប្បធម៌ប្រជាប្រិយ។ មជ្ឈមណ្ឌលស្រាវជ្រាវ MRC ក៏បានជំទាស់ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដែលខ្លួនបាននិយាយថាបានគាបសង្កត់លើសំឡេងអភិរក្សនិយម។

កាលបរិច្ឆេទសម្រាប់សវនការនៃការតែងតាំងលោក Bozell នៅព្រឹទ្ធសភាមិនទាន់បានកំណត់នៅឡើយទេ។ សភានាពេលបច្ចុប្បន្ននេះកំពុងធ្វើសវនការនានាសម្រាប់អ្នកដែលលោកប្រធានាធិបតីបានជ្រើសរើសដើម្បីដឹកនាំទីភ្នាក់ងារសហព័ន្ធនានា។

លោក Bozell បាននិយាយនៅបណ្តាញសង្គម X ថាលោកមានកិត្តិយសដែលត្រូវបានជ្រើសរើសដោយលោកប្រធានាធិបតីចំពោះមុខតំណែងនេះ។

លោកបានបង្ហោះសារលើបណ្តាញសង្គម X ថា«មានការងារជាច្រើនដែលត្រូវធ្វើ។ ខ្ញុំសង្ឃឹមនឹងជួបជាមួយសមាជិកព្រឹទ្ធសភាមុនសវនការតែងតាំងរបស់ខ្ញុំដើម្បីស្វែងរកវិធីដ៏ល្អបំផុតដើម្បីធានាបានថាអាទិភាពរបស់លោកប្រធានាធិបតីអាចសម្រេចទៅបាន»។

ប្រសិនបើបានទទួលការតែងតាំងពីព្រឹទ្ធសភា លោក Bozell នឹងដឹកនាំទីភ្នាក់ងារ USAGM ជាអង្គការមួយដែលក្នុងឆ្នាំ២០២៤បានស្វែងរកថវិកាចំនួន៩៥០លានដុល្លារដើម្បីត្រួតពិនិត្យអង្គភាពជាច្រើនដែលផ្តោតលើសេចក្តីរាយការណ៍ព័ត៌មាននិងប្រយុទ្ធប្រឆាំងការចាប់ពិរុទ្ធ ដែលមានអ្នកស្តាប់ជារៀងរាល់សប្តាហ៍ជាង៤២០លាននាក់។

អង្គការទាំងនោះរួមមានសំឡេងសហរដ្ឋអាមេរិកឬវីអូអេ ការិយាល័យផ្សព្វផ្សាយគុយបានិងអង្គការមិនរកកម្រៃផ្សេងទៀតដូចជាវិទ្យុអឺរ៉ុបសេរីឬវិទ្យុសេរីភាព វិទ្យុអាស៊ីសេរី បណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា មូលនិធិ Open Technology Fund និងមូលនិធិ Frontline Media Fund។

ក្នុងនាមជានាយកប្រតិបត្តិ លោក Bozell នឹងធ្វើការជិតស្និតជាមួយក្រុមប្រឹក្សាផ្តល់យោបល់ការផ្សព្វផ្សាយអន្តរជាតិ ដែលជាស្ថាប័នមួយមានសមាជិក៧នាក់មកពីគណបក្សទាំង២ ដែលធានានូវឯករាជ្យភាពវិចារណកថានៃបណ្តាញនានាត្រូវបានការពារ ហើយបេសកកម្មដើម្បីផ្តល់ព័ត៌មានដែលមិនលម្អៀងត្រូវបានធ្វើឡើង។ ក្រុមប្រឹក្សាផ្តល់យោបល់រួមមានរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ជ្រើសរើសដោយលោកប្រធានាធិបតី Trump ដែលបានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃអង្គារ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG