ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងកាលពីថ្ងៃពុធថា លោកគ្រោងនឹងតែងតាំងអ្នកស្រី Kari Lake ដែលជាអ្នកនយោបាយមួយរូបនិងជាអតីតអ្នកកាសែតនៅរដ្ឋ Arizona ឱ្យធ្វើជាប្រធានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិសំឡេងសហរដ្ឋអាមេរិកឬ វីអូអេ ដែលផ្តល់ថវិកាដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Trump បានថ្លែងក្នុងសារបង្ហោះលើគេហទំព័រ Truth Social របស់លោកថា អ្នកស្រី Lake នឹងត្រូវតែងតាំងជានាយិកាវីអូអេ។ អ្នកស្រី Lake ជាសម្ព័ន្ធមិត្តនយោបាយដ៏ជិតស្និតជាមួយលោកប្រធានាធិបតីជាប់ឆ្នោតនិងជាអតីតអ្នកនិយាយព័ត៌មានលើទូរទស្សន៍ Fox News នៅទីក្រុង Phoenix រដ្ឋ Arizona។
អ្នកស្រីបានធ្វើការជាអ្នកកាសែតអស់រយៈពេល២៧ឆ្នាំ មុននឹងចាកចេញពីអាជីពនេះក្នុងឆ្នាំ២០២១ ដើម្បីទៅឈរឈ្មោះប្រកួតតំណែងអភិបាលរដ្ឋ Arizona។
ក្នុងអំឡុងពេលឈរឈ្មោះមិនបានជោគជ័យធ្វើជាសមាជិកព្រឹទ្ធសភាក្នុងឆ្នាំ២០២១ អ្នកស្រី Lake បានថ្លែងថា រដ្ឋ Arizona គួរតែជារដ្ឋ«នាំមុខខាងគោលនយោបាយអាមេរិកមុនគេ»។
លោក Trump ក៏បានសរសេរកាលពីថ្ងៃពុធថា លោកនឹងប្រកាសប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសាកលឬហៅកាត់ថា USAGM ដែលគ្រប់គ្រង VOA និងបណ្តាញផ្សព្វផ្សាយផ្សេងៗទៀតដែលប្រើប្រាស់ថវិការដ្ឋាភិបាលអាមេរិក។ តួនាទីនេះត្រូវបានតែងតាំងដោយប្រធានាធិបតីនិងត្រូវឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា។ លោក Trump បានថ្លែងថា អ្នកដែលលោកជ្រើសរើសធ្វើជានាយកប្រតិបត្តិនឹងត្រូវលោកតែងតាំងហើយធ្វើការជិតស្និតជាមួយអ្នកស្រី Lake។
នាយកប្រតិបត្តិនៃទីភ្នាក់ងារ USAGM ដែលត្រូវបានផ្តល់ថវិកាដោយរដ្ឋាភិបាលធានាថា អ្នកផ្សាយព័ត៌មានត្រូវធ្វើការសម្រេចទៅតាមបេសកកម្មរបស់ពួកគេដើម្បីផ្សាយព័ត៌មានដែលសុក្រឹត្យនិងត្រឹមត្រូវទៅកាន់ប្រទេសដែលសេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅមានកម្រិត។
នាយកវីអូអេបច្ចុប្បន្នលោក Mike Abramowitz បានបញ្ជូនអ៊ីម៉ែលទៅកាន់បុគ្គលិកកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា លោកបានអានសេចក្តីប្រកាសអំពីអ្នកស្រី Lake កាលពីយប់ថ្ងៃពុធហើយមិនបានទទួលព័ត៌មានផ្សេងក្រៅពីសារលើបណ្តាញសង្គមនោះទេ។ លោកបានថ្លែងថា៖«ខ្ញុំស្វាគមន៍ការផ្ទេរអំណាចដែលរលូនសម្រាប់ទាំងទីភ្នាក់ងារ USAGM និងវីអូអេ។ ខ្ញុំចង់សហការជាមួយរដ្ឋបាលថ្មីនិងធ្វើទៅតាមដំណើរការ» សម្រាប់ការតែងតាំងប្រធានវីអូអេ។
ការគ្រប់គ្រងទីភ្នាក់ងារ
នាយកប្រតិបត្តិទីភ្នាក់ងារ USAGM មានអំណាចជ្រើសរើសឬបណ្តេញប្រធានបណ្តាញនានា ប៉ុន្តែក្រោមសេចក្តីព្រៀងច្បាប់ដែលត្រូវបានអនុម័តដោយបក្សទាំងពីរកាលពីខែធ្នូ ឆ្នាំ២០២០ ការផ្លាស់ប្តូរប្រធានបណ្តាញណាមួយតម្រូវឱ្យមានការបោះឆ្នោតសំឡេងភាគច្រើនក្នុងគណៈក្រុមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
ក្រុមប្រឹក្សាមានសមាជិក ៦នាក់តែងតាំងដោយប្រធានាធិបតីដែលបម្រើការក្នុងអាណត្តិដែលមានកំណត់ រួមទាំងរដ្ឋមន្ត្រីការបទេសផងដែរ។ តួនាទីរបស់ក្រុមប្រឹក្សានេះគឺផ្តល់ការប្រឹក្សាដល់នាយកប្រតិបត្តិដើម្បីធានាថាលោកឬអ្នកស្រីគោរពទៅតាមឯករាជ្យភាពនិងអធិបតេយ្យភាពនៃបទវិចារណកថារបស់បណ្តាញនានានិងរក្សាស្តង់ដារសារព័ត៌មានខ្ពស់បំផុត។
នៅក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X អ្នកស្រី Lake បានថ្លែងថា អ្នកស្រីមានកិត្តិយសណាស់ដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងនៅវីអូអេ។ អ្នកស្រីបានថ្លែងថា វីអូអេគឺជា«ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដ៏សំខាន់» ដែលលើកតម្កើង«លទ្ធិប្រជាធិបតេយ្យនិងការណ៍ពិត»។
អ្នកស្រីបន្ថែមថា៖«ក្រោមការដឹកនាំរបស់ខ្ញុំ វីអូអេនឹងពង្រឹងបេសកកម្មរបស់យើងឱ្យបានល្អ
វីអូអេព្យាយាមទាក់ទងទៅកាន់អ្នកស្រី Lake ដើម្បីសុំអត្ថាធិប្បាយតាមរយៈខាងប្រព័ន្ធផ្សព្វផ្សាយនៅលើគេហទំព័រយុទ្ធនាការរបស់អ្នកស្រី ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប។
វីអូអេផ្សាយព័ត៌មានទៅកាន់មនុស្ស៣៥៤លាននាក់ជា៤៩ភាសាជារៀងរាល់សប្តាហ៍។ នាយកបច្ចុប្បន្នលោក Abramowitz គឺជាអតីតប្រធានអង្គការ Freedom House ហើយធ្លាប់ជាអ្នកសារព័ត៌មាននិងជានិពន្ធនាយកសម្រាប់កាសែត The Washington Post អស់រយៈពេល២៤ឆ្នាំ៕