ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump៖ ​ហេតុអ្វី​បាន​ជា​មន្ត្រី​របស់​លោក អូបាម៉ា​ មិន​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ក្នុង​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កម្មវិធី​ផ្តល់​ពានរង្វាន់ Public Safety Medal of Valor នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កម្មវិធី​ផ្តល់​ពានរង្វាន់ Public Safety Medal of Valor នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​ បាន​ចោទ​សួរ​រក​មូលហេតុ​ម្តងទៀត​ ជុំវិញ​នឹង​ករណី​ថា​ ប្រសិន​បើ​រុស្ស៊ី​បាន​ជ្រៀតជ្រែក​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ២០១៦មែន​នោះ​ មាន​ន័យ​ថា​អតីត​ប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា​និង​រដ្ឋបាល​របស់​លោក​ បាន​ចាត់​វិធានការណ៍​រារាំង​បន្តិចបន្តួច​ប៉ុណ្ណោះ​ និង​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​ឥឡូវ​នេះ​មិន​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​នោះ?

លោក Trump បាន​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​លោក​ គឺ​លោក Jeff​ Sessions​ ធ្វើការ​ស៊ើបអង្កេត​លើ​លោក អូបាម៉ា​ និង​មន្ត្រី​នៅក្នុង​រដ្ឋបាល​របស់​លោក។ លោក Trump បាន​សរសេរ​នៅក្នុង Twitterថា «សំណួរ៖ ប្រសិន​បើ​រុស្ស៊ី​បាន​ចូល​ជ្រៀតជ្រែក​នៅក្នុង​ជំនាន់​រដ្ឋបាល​លោក អូបាម៉ា​ រហូត​ដល់​ត្រឹម​ថ្ងៃទី២០​ខែមករា​មែន​ ហេតុអ្វី​បាន​ជា​គេ​មិន​ធ្វើ​ការ​ស៊ើបអង្កេត? ហេតុអ្វី​បាន​ជា​លោក​អូបាម៉ា​មិន​ចាត់​វិធាន​ការណ៍​អ្វី​ទាំង​អស់? ហេតុអ្វី​បាន​ជា​ពួក​ប្រជាធិបតេយ្យ​មិន​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត? សូម​សួរ​ទៅ​លោក Jeff Sessions»។

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​មាន​រឿង​ដដែលៗ​កើតឡើង​មក​លើ​លោក Trump ពាក់ព័ន្ធ​នឹង​ការស៊ើប​អង្កេត​លើ​យុទ្ធនាការ​រកសំឡេង​ឆ្នោត​របស់​លោក​ ដែល​មាន​រយៈពេល​ជា​ច្រើន​ខែ​ថា​មាន​ជាប់ពាក់ព័ន្ធ​ជាមួយ​នឹង​ផលប្រយោជន៍​របស់​រុស្ស៊ី​ នៅ​អំឡុង​ពេល​នោះ​រហូត​ដល់​ការ​បោះឆ្នោត​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ២០១៦ និង​បន្ទាប់​មក​បាន​ព្យាយាម​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​លើ​រដ្ឋបាល​លោក អូបាម៉ាថា​មិន​បាន​ធ្វើអ្វី​នៅអំឡុង​ពេល​មុន​ការ​បោះឆ្នោត​ និង​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ការ​បោះឆ្នោត​នោះ។

ការ​ណែនាំ​របស់​លោក Trump ដូច្នេះ​ទៅ​លោក Sessions ក៏​បាន​បង្ហាញ​ថា​ លោក​ប្រធានាធិបតី​នៅ​មិន​សប្បាយចិត្ត​ដែល​លោក​រដ្ឋមន្ត្រី​យុត្តិធម៌​ដកខ្លួន​ចេញ​ពី​ការ​ស៊ើប​អង្កេត​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ ដោយសារ​តែ​ការទាក់ទង​របស់​លោក​ជាមួយ​នឹង​អគ្គរដ្ឋទូត​រុស្ស៊ី​កាល​ពី​ឆ្នាំ២០១៦​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែល​ការណ៍​នេះ​បាន​នាំ​ឲ្យ​មាន​ការ​តែងតាំង​លោក Robert Mueller រដ្ឋ​អាជ្ញា​ពិសេស​ឲ្យ​ដឹកនាំ​ការស៊ើប​អង្កេត​បទព្រហ្មទណ្ឌ​នេះ៕

XS
SM
MD
LG