គណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាស.រ.អា.បានធ្វើការចរចាជាមួយកូនប្រុសច្បងរបស់ប្រធានាធិបតីស.រ.អា. Donald Trump និងអតីតប្រធានក្រុមអ្នកឃោសនាបោះឆ្នោតឱ្យគាត់អំពីការធ្វើសម្ភាសន៍ឯកជនមួយជាមួយបុរសទាំងពីរនាក់នេះក្នុងសប្តាហ៍ក្រោយនៅក្នុងការស៊ើបអង្កេតរបស់ខ្លួនស្តីពីការជ្រៀតជ្រែករបស់ប្រទេសរុស្សីក្នុងការបោះឆ្នោតស.រ.អា.។
គណៈកម្មាធិការនេះបាននិយាយកាលពីថ្ងៃសុក្រថា Donald Trump Jr. និង Paul Manafort ធ្វើការចរចាជាមួយខ្លួនអំពីការធ្វើសម្ភាសន៍ហើយក៏បានពិភាក្សាដែរអំពីលទ្ធភាពនៃការប្រគល់ឯកសារឱ្យគណៈកម្មាធិការនេះ។
សេចក្តីថ្លែងការណ៍មួយរបស់គណៈកម្មាធិការនេះបាននិយាយថាខ្លួននឹងមិនចេញដីកាកោះជនទាំងពីរនាក់នេះឱ្យមកឆ្លើយជាសាក្សីជាសាធារណៈទេនៅសប្តាហ៍ក្រោយ ក៏ប៉ុន្តែបានរក្សាសិទ្ធិក្នុងការធ្វើដូច្នេះក្នុងពេលអនាគត។
បុរសទាំងនេះនាក់នេះកំពុងឋិតនៅក្រោមការពិនិត្យពិច័យអំពីជំនួបជាមួយមេធាវីរុស្សីម្នាក់នៅក្នុងពេលធ្វើការឃោសនាបោះឆ្នោតកាលពីខែមិថុនាឆ្នាំ២០១៦។ ឯកសារបង្ហាញថា Trump Jr. បានជួបជាមួយមេធាវីរុស្សីនេះកាលពីខែមិថុនាឆ្នាំ២០១៦ដោយរំពឹងថាទទួលព័ត៌មានដែលអាចត្រូវប្រើប្រាស់ប្រឆាំងនឹងគូប្រជែងរបស់ឪពុកគាត់គឺលោកស្រី Hillary Clinton។
គណៈកម្មាធិការមួយទៀតនៃព្រឹទ្ធសភាស.រ.អា.គឺគណៈកម្មាធិការខាងការស៊ើបការសម្ងាត់និយាយថាពួកគេនឹងជួបជាឯកជននៅថ្ងៃចន្ទជាមួយ Jared Kushner កូនប្រសារប្រុសនិងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី Donald Trump អំពីការស៊ើបអង្កេតស្តីពីការជ្រៀតជ្រែករបស់រុស្សី។ គេក៏រំពឹងដែរថា Kushner នឹងជួបជាមួយគណៈកម្មាធិការខាងការស៊ើបការសម្ងាត់របស់សភាតំណាងរាស្ត្រអាមេរិកាំងនៅថ្ងៃអង្គារ៕