ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទបានសម្តែងការដឹងគុណដល់យុទ្ធជនអាមេរិកដែលបានពលីជីវិតក្នុងសង្គ្រាមនៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធប្រចាំឆ្នាំដ៏ស្ងប់ស្ងាត់មួយនៅបូជនីយដ្ឋានបញ្ចុះសពជាតិ Arlington នៅជាយរដ្ឋធានីវ៉ាស៊ីនតោន។
លោកត្រាំបានចូលរួមការដាក់កម្រងផ្កាក្នុងពិធីប្រចាំឆ្នាំដែលមានការចូលរួមផលដែរពីលោកអនុប្រធានាធិបតី Mike Pence រដ្ឋមន្ត្រីការពារជាតិលោក Mark Esper និងភរិយាលោកត្រាំគឺជំទាវទី១ លោកស្រី Melania Trump។
ប៉ុន្តែបរិយាកាសនៃការរាតត្បាតនៃជំងឺកូវីដ១៩បានគ្របដណ្តប់ជាក់ច្បាស់លើពិធីរំឭកវិញ្ញាណក្ខន្ធយុទ្ធជនអាមេរិកនៅបូជនីយដ្ឋាន Arlington ក្នុងឆ្នាំនេះ។ លោកប្រធានាធិបតីត្រាំមិនបានថ្លែងសុន្ទរកថាទៅកាន់មហាជនដូចរាល់ឆ្នាំទេ ហើយអ្នកចូលរួមពិធីនេះត្រូវរក្សាគម្លាតពីរម៉ែត្រពីគ្នា។ មន្ត្រីយោធាខ្លះក៏បានពាក់ម៉ាស់ដែរ។
ពិធីរំឭកវិញ្ញាណក្ខន្ធយុទ្ធជនអាមេរិក ឬហៅជាភាសាអង់គ្លេសថា Memorial Day ត្រូវគេធ្វើឡើងរាល់ថ្ងៃចន្ទចុងក្រោយបង្អស់នៃខែឧសភា ដើម្បីរំឭកដល់យុទ្ធជននិងយុទ្ធនារីអាមេរិកដែលបានពលីជីវិតសម្រាប់ប្រទេសជាតិ។
ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដងនៅទូទាំងប្រទេសចាប់តាំងថ្ងៃសុក្រមកសម្រាប់រំឭកគុណយុទ្ធជន ប៉ុន្តែកាលពីថ្ងៃអាទិត្យក៏សម្រាប់រំឭកដល់ពលរដ្ឋអាមេរិកជិត១០០.០០០នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។
តួលេខចំនួនអ្នកស្លាប់នេះរបស់សហរដ្ឋអាមេរិកជាចំនួនអ្នកស្លាប់ច្រើនជាងគេក្នុងពិភពលោក ដោយក្នុងនោះក៏មានអតីតយុទ្ធជនអាមេរិកចំនួនជាង១.០០០នាក់បានស្លាប់ពីជំងឺកូវីដ១៩ មកទល់នឹងពេលនេះ។ នេះបើតាមតួលេខរបស់ក្រសួងកិច្ចការអតីតយុទ្ធជនសហរដ្ឋអាមេរិក៕