កាលពីថ្ងៃចន្ទម្សិលមិញ សេតវិមានប្រធានាធិបតីអាមេរិកបានបង្ហាញគម្រោងចំណាយរបស់រដ្ឋាភិបាលចំនួន ៤,៧ លានលានដុល្លារ សម្រាប់ឆ្នាំ ២០២០។
គម្រោងចំណាយនេះក៏មានបញ្ចូលផងដែរនូវសំណើថវិការបស់លោកប្រធានាធិបតី Donald Trump ចំនួន ៨ ពាន់ ៦ រយលានដុល្លារបន្ថែមទៀតសម្រាប់សាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក។
ការស្នើថវិការបស់លោក Trump សម្រាប់សាងសង់ជញ្ជាំងព្រំដែននេះ ទំនងជាអាចបណ្ដាលឲ្យមានការខ្វែងគំនិតគ្នាជាថ្មីជាមួយនឹងសមាជិកសភា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ នៅក្នុងអំឡុងពេលលោក Trump ធ្វើជាប្រធានាធិបតីនៅឆ្នាំទី ៣។ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យសំខាន់ៗបានសន្យាភ្លាមៗថានឹងរារាំងសំណើរបស់លោក Trump នេះ។
គម្រោងចំណាយរបស់លោក Trump ចង់ឲ្យមានការបង្កើនថវិកាចំនួន ៥ ភាគរយ សម្រាប់ក្រសួងការពារប្រទេស និងកាត់បន្ថយថវិកា ៥ ភាគរយសម្រាប់ការចំណាយផ្សេងៗដែលមិនពាក់ព័ន្ធនឹងយោធា។
គម្រោងចំណាយនេះក៏មានបញ្ចូលផងដែរនូវការកាត់បន្ថយកម្មវិធីមួយចំនួន ដែលផ្ដល់សេវាថែរក្សាសុខភាពដល់ពលរដ្ឋអាមេរិកាំងវ័យចំណាស់ និងអ្នកក្រីក្រ។ ការចំណាយសម្រាប់យោធានឹងកើនពី ៧១៥ ពាន់លានដុល្លារ ទៅ ៧៥០ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក Trump ម្នាក់ បាននិយាយថា គម្រោងចំណាយនេះស្នើឲ្យមានការកាត់បន្ថយ «កម្មវិធីជាច្រើន ដែលគ្មានប្រយោជន៍»។
រដ្ឋបាលលោក Trump រំពឹងថានឹងមានឱនភាពចំនួន ១,១ លានលានដុល្លារចាប់ពីខែតុលាខាងមុខនេះតទៅ បើប្រៀបធៀបការចំណាយជាមួយនឹងប្រាក់ចំណូលដែលបានមកពីពន្ធ និងកម្រៃផ្សេងៗ ដែលរដ្ឋាភិបាលប្រមូលបាន។
លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភា បានហៅសំណើថវិការបស់លោក Trump ថាជា «ថវិកាដ៏គួរឲ្យអាម៉ាស់» និងជា «ការធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋមានចំណូលមធ្យម»៕