ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក​មាន «សិទ្ធិ​ពេញលេញ» ក្នុង​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុម័ត​ពី​សភា


រូបឯកសារ៖ ជនចំណាកស្រុកបីកូននៅជិតជញ្ជាំងព្រំដែនតាមបណ្តោយព្រំដែនអាមេរិក និងម៉ិចស៊ិក។ 
រូបឯកសារ៖ ជនចំណាកស្រុកបីកូននៅជិតជញ្ជាំងព្រំដែនតាមបណ្តោយព្រំដែនអាមេរិក និងម៉ិចស៊ិក។ 

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋ​ចំនួន ១៦ បាន​ប្ដឹង​លោក Trump ទៅ​តុលាការ​សហព័ន្ធ​នៅ​ក្នុង​រដ្ឋ California ដែល​នៅ​ទី​នោះ ចៅក្រម​បាន​បដិសេធ​គម្រោង​ផ្សេងៗ​ទៀត​របស់​លោក Trump នៅ​ក្នុង​អំឡុង​ពេល​លោក​កាន់​អំណាច​បាន​រយៈពេល ២៥ ខែ​កន្លង​មក។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​អះអាង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​មាន «សិទ្ធិ​ទាំងស្រុង» នៅ​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ទៅ​ក្នុង​ភាព​អាសន្ន ដើម្បី​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក ដោយ​មិន​ចាំបាច់​មាន​ការ​អនុម័ត​ពី​សភា​ក្នុង​ការ​ផ្ដល់​ថវិកា។

កាល​ពី​ថ្ងៃ​ចន្ទ រដ្ឋ​ចំនួន ១៦ បាន​ប្ដឹង​លោក Trump ទៅ​តុលាការ​សហព័ន្ធ​នៅ​ក្នុង​រដ្ឋ California ដែល​នៅ​ទី​នោះ ចៅក្រម​បាន​បដិសេធ​គម្រោង​ផ្សេងៗ​ទៀត​របស់​លោក Trump នៅ​ក្នុង​អំឡុង​ពេល​លោក​កាន់​អំណាច​បាន​រយៈពេល ២៥ ខែ​កន្លង​មក។

ប៉ុន្តែ​លោក Trump បាន​និយាយ​នៅ​ឯ​សេតវិមាន​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា យើង​នឹង​ទទួល​ជោគជ័យ​ទាក់ទង​នឹង​ពាក្យ​បណ្ដឹង​នេះ»។

នៅ​ពេល​ដែល​លោក​ប្រកាស​អំពី​ការ​ដាក់​ប្រទេស​ទៅ​ក្នុង​ភាព​អាសន្ន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន លោក Trump បាន​និយាយ​ថា លោក​រំពឹង​ថា​នឹង​ចាញ់​ការ​តតាំង​ផ្លូវ​ច្បាប់​លើក​ដំបូង​អំពី​ការ​ប្រកាស​របស់​លោក ជាពិសេស​ប្រសិនបើ​ពាក្យ​បណ្ដឹង​ដែល​ប្ដឹង​ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​ត្រូវ​បាន​ប្ដឹង​នៅ​តុលាការ​មណ្ឌល​ទី ៩ នៅ​រដ្ឋ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ដែល​នៅ​ទី​នោះ រដ្ឋ​ចំនួន ១៦ បាន​ប្ដឹង​រូប​លោក។

ប៉ុន្តែលោក Trump បាន​បញ្ជាក់​ថា លោក​រំពឹង​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​ដោយ​មាន​ការ​គាំទ្រ​ពី​តុលាការ​កំពូល ដែល​តុលាការ​កំពូល​នឹង​ច្រានចោល​រាល់​ការ​សម្រេច​ទាំង​អស់​របស់​តុលាការ​ជាន់​ទាប។

ពាក្យ​បណ្ដឹង​នេះ​ទាមទារ​ឲ្យ​តុលាការ​ហាម​ឃាត់​ជា​អចិន្ត្រៃយ៍​មិន​ឲ្យ​រដ្ឋបាល​របស់​លោក Trump បង្វែរ​ថវិកា​ពី​គម្រោង​ផ្សេង​នៅ​ក្នុង​រដ្ឋាភិបាល ដើម្បី​យក​មក​សាងសង់​ជញ្ជាំង​ព្រំដែន ដោយ​គ្មាន​ការ​អនុម័ត​ពី​សភា៕

XS
SM
MD
LG