ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីមួយកាលពីថ្ងៃអង្គារ ដែលនឹងដកចេញបទបញ្ញត្តិបរិស្ថានសម័យលោក បារ៉ាក់ អូបាម៉ា ធ្វើជាប្រធានាធិបតី។
ការធ្វើដូច្នេះ គឺក្នុងគោលបំណងធ្វើការពិចារណាឡើងវិញអំពីការពិភាក្សាដេញដោលដែលប្រកាន់បក្សពួក និងពោរពេញដោយភាពប្រទាំងប្រទើស អំពីផលប៉ះពាល់ដែលបណ្ដាលមកពីសកម្មភាពរបស់មនុស្សទៅលើអាកាសធាតុនៅលើផែនដី និងដើម្បីបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងដែលថា ការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុសាកលលោករាប់ទសវត្សរ៍មកនេះ ប្រហែលជាអាចដោះស្រាយបាន។
លោក ត្រាំ បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាបទបញ្ជាប្រធានាធិបតី ថា «យើងនឹងឲ្យកម្មករជីករ៉ែរបស់យើងត្រឡប់ទៅធ្វើការងារវិញ ហើយផលិត«ធ្យូងស្អាត»។
ជ័យលាភីពានរង្វាន់ណូបែលជនជាតិហូរឡង់ លោក Paul Crutzen បានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖ «មនុស្សជាច្រើនឯកភាពថា នេះគឺជាគ្រោះមហន្តរាយ»។
លោក Crutzen ដែលបានទទួលពានរង្វាន់ណូបែលក្នុងឆ្នាំ១៩៩៥ ចំពោះការងាររបស់លោកដែលពន្យល់អំពីការបាត់បង់ស្រទាប់អូហ្សូនពីផែនដី បានមានប្រសាសន៍ទៀតថា «អ្វីៗដែលសម្រេចបានអាចនឹងត្រូវបានបំផ្លាញ ដូច្នេះខ្ញុំមិនគិតថា អ្នកវិទ្យាសាស្រ្តជាច្រើននឹងសាទរជាមួយនឹងបទបញ្ជានេះទេ»។
លោក Sean Spicer អ្នកនាំពាក្យរបស់សេតវិមានបាននិយាយថា លោក ត្រាំ ជឿថា លោកអាចធ្វើឲ្យមានតុល្យភាពទៅលើគោលដៅ២ ដោយការពារបរិស្ថាន ស្របពេលដែលបង្កើនផលិតកម្មថាមពលនៅក្នុងសហរដ្ឋអាមេរិកផងដែរ៕