កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្តីបន្ទោសសមាជិកសភាគណបក្សប្រជាធិបតេយ្យចំពោះការចោទប្រកាន់លោក ខណៈការប្រឈមមុខគ្នាខាងនីតិបញ្ញត្តិបន្តអំពីនិតិវិធីកាត់ទោសការចោទប្រកាន់ដកប្រធានាធិបតីនៅព្រឹទ្ធសភា។
លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅរមណីយដ្ឋាន Mar-a-Lago របស់លោកនៅឯក្រុង Palm Beach រដ្ឋ Florida ថា «ពួកគេបានធ្វើបាបយើងដោយអយុត្តិធម៌ ហើយឥឡូវនេះពួកគេចង់បានស្មើភាពនៅក្នុងព្រឹទ្ធសភា»។
លោក Trump ក៏រិះគន់ជាពិសេសចំពោះអ្នកស្រី Nancy Pelosi ប្រធានសភាចំពោះការពន្យារពេលមិនកំណត់ក្នុងការបញ្ជូនបទចោទប្រកាន់ទៅព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ សម្រាប់ចាប់ផ្តើមការកាត់ក្តី។ លោក Trump បានប្រកាសថា «អ្នកស្រីស្អប់មនុស្សទាំងអស់ដែលបោះឆ្នោតឱ្យខ្ញុំនិងគណបក្សសាធារណរដ្ឋ។ អ្នកស្រីមិនបម្រើប្រទេសទេ»។
នៅក្នុងការបោះឆ្នោតដែលស្ទើរតែតាមគោលការណ៍គណបក្សទាំងស្រុងនោះ សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តបទចោទពីរប្រឆាំងនឹងលោក Trump កាលពីថ្ងៃពុធសប្តាហ៍មុន ដែលធ្វើឱ្យលោកក្លាយជាប្រធានាធិបតីទី៣របស់សហរដ្ឋអាមេរិកដែលត្រូវបានចោទប្រកាន់នៅក្នុងប្រវត្តិ២៤៣ឆ្នាំរបស់ប្រទេសនេះ។ លោកត្រូវបានចោទប្រកាន់ពីបទរំលោភអំណាចប្រធានាធិបតីដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនហើយបន្ទាប់មករារាំងកិច្ចប្រឹងប្រែងរបស់សភាដែលស៊ើបអង្កេតសកម្មភាពរបស់លោក។
កាលពីសប្តាហ៍មុនលោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាបានច្រានចោលការអំពាវនាវរបស់លោក Chuck Schumer មេដឹកនាំព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យដែលចង់ស្តាប់សក្ខីកម្មរបស់មន្ត្រីបួនរូបក្នុងអំឡុងពេលសវនាការនៅព្រឹទ្ធសភា រួមមានអតីតទីប្រឹក្សាសន្តិសុខជាតិលោក John Boltonនិងប្រធានខុទ្ទកាល័យស្តីទីនៅសេតវិមានលោក Mick Mulvaney។ ក្រុមមន្រ្តីទាំងនេះបានបដិសេធមិនផ្តល់សក្ខីកម្មក្នុងអំឡុងពេលសវនាការនៅសភាទេ។ ទោះយ៉ាងណាកាលពីថ្ងៃច័ន្ទ លោក McConnell បានបន្ទន់ជំហររបស់លោកដោយនិយាយថា គណបក្សសាធារណរដ្ឋមិនបានច្រានចោលការហៅសាក្សីនៅក្នុងសវនាការចោទប្រកាន់លោកTrump នៅព្រឹទ្ធសភាទេ៕