ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​គណបក្ស​សាធារណរដ្ឋ​សំខាន់ៗ​គាំទ្រ​ចំណាត់ការ​លោក Mueller លើ​ករណី​ស៊ើបអង្កេត​ការ​ជ្រៀតជ្រែក​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​អាមេរិក​


លោក Robert Mueller ចានចេញ​ពី​កិច្ចប្រជុំ​ជាមួយ​នឹង​សមាជិក​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។
លោក Robert Mueller ចានចេញ​ពី​កិច្ចប្រជុំ​ជាមួយ​នឹង​សមាជិក​គណៈកម្មាធិការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧។

សមាជិក​គណបក្ស​សាធារណរដ្ឋ​សំខាន់ៗ​នៅ​សហរដ្ឋអាមេរិក បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អាទិត្យ ចំពោះ​ចំណាត់ការ​របស់​លោក​រដ្ឋអាជ្ញា​ពិសេស Robert Mueller ទៅ​លើ​ការ​ស៊ើបអង្កេត​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ពួកគេ​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ថា​តើ​សភា​គួរ​តែ​អនុម័ត​ទៅ​លើ​ច្បាប់​ដែល​ហាមឃាត់​មិន​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បណ្តេញ​លោក Mueller ចេញ​ពី​តំណែង​ឬ​យ៉ាងណា។ ​

លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​តំណាងរដ្ឋ South Carolina និង​លោកស្រី Susan Collins សមាជិក​ព្រឹទ្ធសភា​តំណាងរដ្ឋ Maine មាន​ការ​ខ្វែង​គំនិត​គ្នា​នឹង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដទៃ​ទៀត​នៅក្នុង​សភា ដែល​បាន​បង្ហាញ​ក្នុង​សារព័ត៌មាន​ផ្សេង​គ្នា​កាលពី​ថ្ងៃ​អាទិត្យ​ថា ពួកគេ​គាំទ្រ​ច្បាប់​ ដែល​ភាគច្រើន​គាំទ្រ​ដោយ​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​តម្រូវ​ឲ្យ​មាន​ការវាយ​តម្លៃ​ឡើង​វិញពី​តុលាការ ប្រសិន​បើ​លោក ត្រាំ ព្យាយាម​បណ្តេញ​លោក Mueller ចេញ​ពី​តំណែង​មែន​នោះ។​

តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​ដ៏​សំខាន់​ពីរ​រូប​នៃ​រដ្ឋសភា គឺ​លោក Kevin McCarthy នៃ​រដ្ឋ​កាលីហ្វ័រញ៉ា និង​លោក Trey Gowdy នៃ​រដ្ឋ South Carolina និយាយ​ថា ពួកគេ​ឯកភាព​ទៅ​លើ​ការងារ​របស់​លោក Mueller នៅ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​ដែល​កំពុង​បន្ត​នេះ។ ប៉ុន្តែ​លោក McCarthy ថ្លែង​ថា លោក​មើល​ឃើញ​ថា មិនចាំបាច់​ត្រូវ​អនុម័ត​លើ​ច្បាប់​មួយ​ដើម្បី​ការពារ​លោក Mueller ដែល​ជា​អតីត​ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI នោះ​ទេ៕

XS
SM
MD
LG