ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Donald Trump បាន​ស្នើ​យក​ សេតវិមាន​ជា​កន្លែង​ជួប​លោក​ Vladimir Putin


លោកស្រី Sarah Huckabee Sanders  អ្នកនាំ​ពាក្យ​សេតវិមាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោកស្រី Sarah Huckabee Sanders  អ្នកនាំ​ពាក្យ​សេតវិមាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោកស្រី Sarah Huckabee Sanders អ្នកនាំ​ពាក្យ​សេតវិមាន ​បាន​និយាយ​ថា លោក​ប្រធានាធិបតី Donald Trump ​បាន​ស្នើ​យក​ សេតវិមាន​ជា​កន្លែង​សម្រាប់​រៀបចំ​ជំនួប​រវាងលោក​និង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី។ ​សំណើ​នេះ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​និយាយ​ទូរស័ព្ទ​កាល​ពីថ្ងៃទី ២០​ ខែមីនា​រវាង​មេដឹកនាំ​ទាំងពីរ។ បន្ទាប់ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​នោះ ​លោក​ប្រធានាធិបតី​ Donald Trump ​បាន​និយាយ​ថា ​លោក​សង្ឃឹម​ថា នឹង​ជួប​ជាមួយ​លោក Putin «ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ»។ ភាគី​ទាំង​ពីរ​បាន​និយាយ​ថា​ ផែនការ​ជំនួប​នេះ​មិន​ទាន់​បាន​ត្រៀមរៀបចំ​នៅ​ឡើយ​ទេ។ ​លោកស្រី Sanders មិន​បាន​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ផែនការ​កិច្ចប្រជុំ​នោះ​ទេ។ លោកស្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទថា «យើង​មិន​មានអ្វី​បន្ថែម​ទៀត​ទេ​នៅ​ពេល​នេះ»។​

លោក Yuri Ushakov ​ជំនួយការ​វិមាន​ក្រឹមឡាំង​ ក៏​បាន​និយាយ​ផងដែរ​ថា ​លោក Trump បាន​ស្នើទទួល​ជួប​លោក​ Putin ដើម្បី​ពិភាក្សា​នៅ​សេតវិមាន។​

លោក​ប្រធានាធិបតី ​Trump ​កំពុង​ប្រឈម​នឹងការ​ពិនិត្យពិច្ច័យ​ ខណៈដែល​ទីប្រឹក្សា​ពិសេស​ស៊ើប​អង្កេត​ទំនាក់ទំនង​ជា​សក្តានុពល​របស់​រុស្ស៊ី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ ​សហគមន៍​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​បានវាយ​តម្លៃថា ​លោក​ Putin ដឹកនាំ​យុទ្ធនាការ​ដ៏​មាន​ឥទ្ធិពល​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​កាល​ពីឆ្នាំ ២០១៦ ដែល​បាន​ធ្វើ​ឱ្យ​លោក Trump បាន​កាន់​តំណែង។ លោក Trump និយាយថា គ្មានការ​ឃុបឃិត​គ្នារវាង​យុទ្ធនាការ​របស់​លោក​ និង​រុស្ស៊ី​ទេ។ ​ចាប់តាំង​ការ​សន្ទនាតាម​ទូរស័ព្ទ​កាលពីថ្ងៃទី ២០ ខែមីនា​នោះ​មក ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​កាន់​តែ​ស្មុគស្មាញ ​ដោយ​សហ​រដ្ឋអាមេរិក​បាន​បណ្តេញ​អ្នក​ការ​ទូតរុស្ស៊ី​៦០​នាក់ និង​បញ្ជា​ឱ្យ​បិទ​ស្ថាន​កុងស៊ុល​ប្រទេស​រុស្ស៊ី​ដើម្បី​ឆ្លើយតប​នឹង​ការ​បំពុល Sergei Skripal អតីត​ចារបុរស​រុស្ស៊ី ​នៅ​ក្នុង​ប្រទេស​អង់គ្លេស។​ ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ថា​ ខ្លួនទាក់ទង​នឹង​ការ​បំពុល​នេះទេ​ ហើយ​បាន​ឆ្លើយតប​នឹង​សហរដ្ឋ​អាមេរិក​ដោយ​បណ្តេញ​អ្នក​ការទូត​អាមេរិក និង​បិទស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក៕

XS
SM
MD
LG