អតីតប្រធានាធិបតីអាមេរិក លោក Donald Trumpបានឆ្លើយកាលពីថ្ងៃអង្គារថា លោកមិនមានទោសកំហុសចំពោះការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌសហព័ន្ធដែលថា លោកបានរក្សាទុកឯកសារសន្តិសុខជាតិដោយខុសច្បាប់ នៅពេលលោកចេញពីតំណែង និងកុហកមន្ត្រីដែលស្វែងរកឯកសារទាំងនោះ។
ការសារភាពរបស់ Trumpនៅចំពោះមុខចៅក្រមអាមេរិក លោក Jonathan Goodman នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Miami រដ្ឋ Florida បង្កើតឲ្យមានការតស៊ូផ្លូវច្បាប់សម្រាប់លោក Trumpនៅប៉ុន្មានខែខាងមុខ ខណៈដែល លោក Trump ធ្វើយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ សម្រាប់តំណែងប្រធានាធិបតី។ អ្នកជំនាញនិយាយថា វាអាចចំណាយពេលដល់ទៅមួយឆ្នាំ ឬច្រើនជាងនេះទៀត មុនពេលការកាត់ក្តីកើតឡើង។
សវនាការនេះត្រូវបានធ្វើឡើងដោយមិនអនុញ្ញាតឲ្យមានកាមេរ៉ាចូលថត និងការផ្សាយបន្តផ្ទាល់។ អតីតជំនួយការរបស់លោក Trump លោក Walt Nauta ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងនេះផងដែរ ក៏បានបង្ហាញខ្លួននៅក្នុងតុលាការជាមួយ លោក Trumpផងដែរ។
លោក Trump គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ប៉ុន្តែគេមើលឃើញថា វាមិនបានប៉ះពាល់ជាអវិជ្ជមានដល់ក្តីសង្ឃឹមត្រឡប់ទៅកាន់សេតវិមានរបស់លោកនោះទេ។
យោងតាមការស្ទង់មតិរបស់ Reuters/Ipsos លោក Trump នាំមុខគូប្រជែងសម្រាប់ការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤។ ហើយ ៨១% នៃអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋ ចាត់ទុកការចោទប្រកាន់ប្រឆាំង លោក Trump ថា ជាចេតនានយោបាយ។
ការចូលសារភាពនេះជាការឡើងសវនាការលើកទីពីររបស់លោក Trump ចាប់តាំងពីខែមេសា នៅពេលលោកបានអះអាងថា មិនមានកំហុសចំពោះការចោទប្រកាន់នៅក្នុងទីក្រុង New York ទាក់ទងនឹងការបង់ប្រាក់បំបិទមាត់ដល់តារារឿងអាសអាភាស។
បន្ទាប់ពីចូលបំភ្លឺនៅតុលាការ ក្នុងទីក្រុង Miami រដ្ឋ Florida នៅម៉ោង ៣ រសៀល លោក Trump គ្រោងនឹងហោះត្រឡប់ទៅទីលានវាយកូនហ្គោលនៅរដ្ឋ New Jersey ជាកន្លែងដែលលោកគ្រោងឡើងថ្លែងសុន្ទរកថា នៅពេលល្ងាច ថ្ងៃអង្គារនេះ៕