ថ្វីបើការលើកលែងទោសជាច្រើនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មានភាពចម្រូងចម្រាស រួមមានទាំងការលើកលែងទោសឲ្យសហការីរបស់លោកគឺលោក Michael Flynn កាលពីខែវិច្ឆិកាក៏ដោយ ក៏លោក Trump បានធ្វើការលើកលែងទោសតិចជាងប្រធានាធិបតីកាន់តំណែងមុនៗលោក។ នេះតាមក្រុមស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលបានប្រើទិន្នន័យមកពីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា លោកប្រធានាធិបតី Trump បានចេញការលើកលែងទោសចំនួន២៩ រួមមានលោក Flynn កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកាផង និងបន្ធូរបន្ថយទោសចំនួន១៦នាក់ទៀតចាប់តាំងពីចូលកាន់តំណែងនៅឆ្នាំ២០១៧មក។
ផ្ទុយទៅវិញ លោក Barak Obama ប្រធានាធិបតីកាន់តំណែងមុនលោក បានចេញការលើកលែងទោសចំនួន២១២នាក់ និងបន្ធូរបន្ថយទោសចំនួន១ពាន់៧រយ១៥នាក់ក្នុងអំឡុងនៃការ កាន់តំណែង៨ឆ្នាំរបស់លោក។ លោកប្រធានាធិបតី George H. W. Bush បានចេញការលើកលែងទោសចំនួន៧៤នាក់ ក៏ប៉ុន្តែបន្ធូរបន្ថយទោសតែចំនួន៣នាក់ក្នុងអំឡុងនៃការកាន់តំណែងរយៈពេល៤ឆ្នាំរបស់លោក។
បុគ្គលនានា អាចធ្វើសំណើទៅប្រធានាធិបតីដើម្បីសុំការអត់ឱនទោសក្នុងរបៀប២យ៉ាងគឺ បន្ធូរបន្ថយទោសនិងលើកលែងទោស។ ជាទូទៅ ការបន្ធូរបន្ថយទោសមានន័យថា ការបន្ថយទោសមួយផ្នែកឬទាំងស្រុងនៃទោសរបស់ទណ្ឌិត។ ការលើកលែងទោសមានន័យថា ធ្វើឲ្យទណ្ឌិតរួចផុតពីទោសទណ្ឌនានាដែលនៅសល់ ឬរួចផុតទោសចំពោះឧក្រិដ្ឋកម្មនេះនៅពេលអនាគត។
កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា លោកប្រធានាធិបតី Trump បានលើកលែងទោសឲ្យលោក Michael Flynn ដែលបានសារភាពទទួលកំហុសក្នុងឆ្នាំ២០១៧ចំពោះការភូតកុហកភ្នាក់ងាររបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI អំពីការសន្ទនាជាបន្តបន្ទាប់ដែលលោកមានជាមួយលោក Sergey Kislyak ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោននៅពេលនោះអំពីការដាក់ទណ្ឌកម្មរបស់រដ្ឋបាលលោកអូបាម៉ាក្នុងអំឡុងនៃអន្តរកាលរបស់ប្រធានាធិបតីTrump នៅខែធ្នូ ឆ្នាំ២០១៦។
លោកប្រធានាធិបតី Trump បានសរសេរនៅលើ Twitter របស់លោកកាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា គឺមួយថ្ងៃមុនថ្ងៃឈប់សម្រាកថ្ងៃបុណ្យរំឭកគុណ Thanksgiving ថា៖ «សូមអបអរចំពោះលោកឧត្តមសេនីយ៍ Flynn និងក្រុមគ្រួសារដ៏អស្ចារ្សរបស់លោក ខ្ញុំដឹងថា លោក ឥឡូវនេះ នឹងអាចប្រារព្ធពិធីបុណ្យ Thanksgiving យ៉ាងល្អអស្ចារ្សពិតប្រាកដ»។
ចំណាត់ការនេះ កើតមានឡើងនៅពេលដែលចៅក្រមសហព័ន្ធមួយរូប កំពុងថ្លឹងថ្លែងអំពីការសម្រេចភ្លាមៗដោយក្រសួងយុត្តិធម៌នៅដើមឆ្ នាំដើម្បីទម្លាក់ចោលរឿងក្តីរបស់លោក Flynn។
ពួកអ្នកស្រាវជ្រាវ កត់សម្គាល់ថា ខណៈដែលលោកប្រធានាធិបតី Trump បានចេញការ លើកលែងទោសនិងការបន្ធូរបន្ថយទោសតិចជាងប្រធានាធិបតីកាន់តំណែងមុនៗរបស់លោក ក៏ចំនួនបន្ធូរបន្ថយទោសនិងលើកលែងទោស ទំនងផ្លាស់ប្តូរក្នុងរយៈពេល២ខែចុងក្រោយរបស់លោកជាប្រធានាធិបតី។
លោក John Gramlich ជាអ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌល Pew បានប្រាប់ VOA តាមអ៊ីមែលថា៖ «ខ្ញុំមិនអាចនិយាយស្មានៗចំពោះមូលហេតុថា តើហេតុអ្វីបានជាលោកប្រធានាធិបតី Trump បានចេញការលើកលែងទោសឬបន្ធូរបន្ថយទោសតិចមកទល់ពេលនេះ ឬអ្វីអាចកើតមានឡើងនៅពេលអនាគតនោះទេ»។
លោកបានបន្ថែមទៀតថា៖ « ក៏ប៉ុន្តែ វាជាការធម្មតាសម្រាប់ប្រធានាធិបតីលើកលែងទោសនៅពេលក្រោយមកក្នុងអាណត្តិនៃការកាន់តំណែងរបស់អស់លោកនោះ ដូច្នេះ វានឹងមិនមែនជាការភ្ញាក់ផ្អើលទេដែលឃើញចំនួននៃការលើកលែងទោសឬបន្ធូរបន្ថយទោសរបស់លោក Trump កើនឡើងក្នុងរយៈពេល៣ឬ៤សប្តាហ៍ទៀតនោះ»។
លោកប្រធានាធិបតី Trump បានអត់ឱនទោសចំនួន 0,5ភាគរយនៃចំនួនសំណើសុំអត់ឱនទោសទាំងអស់ ដែលរដ្ឋបាលរបស់លោកទទួលបាន។ ក៏ប៉ុន្តែ អ្នកជំនាញច្បាប់ខ្លះ រំពឹងថា លោកអាចទំនងលើកលែងទោសកាន់តែច្រើនឡើងនៅមុនខែមករា ជាពិសេសចំពោះអតីតសហការីរបស់លោកដែលត្រូវបានជាប់ទោសលើបទចោទប្រកាន់ស្រដៀងគ្នាទៅនឹងការចោទប្រកាន់លោក Flynn ។
កាសែត The New York Times រាយការណ៍ថា ពួកមេធាវីដែលតំណាងឲ្យទីប្រឹក្សាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump រួមមានលោក Rick Gates និងលោក George Papadopoulos អាចស្នើឲ្យលើកលែងអត់ឱនទោសពីលោកប្រធានាធិបតីនៅពេលដែលលោកជិតផុតអាណត្តិរបស់លោក។
លោក Gates និងលោក Papadopoulous ក៏ត្រូវបានរងការចោទប្រកាន់ពីឧក្រិដ្ឋកម្មមួយចំនួនក្នុងអំឡុងនៃការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller អំពីចំណងទាក់ទងរបស់រដ្ឋបាលលោក Trump ជាមួយប្រទេសរុស្ស៊ី។
ការលើកលែងទោសលើកដំបូងដោយលោកប្រធានាធិបតី Trump គឺក្នុងឆ្នាំ២០១៧ឲ្យលោក Joe Arpaio មន្ត្រីប៉ូលិសរដ្ឋ Arizona ដែលបានរងការចោទប្រកាន់អំពីការប្រកាន់ពូជសាសន៍ខុសច្បាប់។ ការលើកលែងទោសនោះ បានទទួលការខឹងសម្បារយ៉ាងខ្លាំងពីអង្គការនិងសកម្មជន រួមមានអង្គការសហភាពសេរីភាពពលរដ្ឋអាមេរិកាំងឬ American Civil Liberties Union ដែលបានហៅចំណាត់ការនេះថាជា «ការផ្តល់ការយល់ព្រមរបស់ប្រធានាធិបតីដល់ការប្រកាន់ពូជសាសន៍»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន