កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីស.រ.អា. Donald Trump បានជួបចំនួន៨០នាទីនៅក្នុងបន្ទប់រាងពងក្រពើនៃសេតវិមានជាមួយឧត្តមសេនីយ៍ម្នាក់ដែលលោកបានពណ៌នាថាជាបុរសមានអំណាចខ្លាំងបំផុតទីពីរនៅក្នុងប្រទេសកូរ៉េខាងជើង។
នៅក្រោយជំនួបនេះលោក Trump បាននិយាយប្រាប់អ្នកកាសែតមួយក្រុមនៅលើវាលស្មៅខាងត្បូងក្នុងបរិវេណសេតវិមានថាជំនួបកំពូលនៅក្នុងប្រទេសសិង្ហបូរីនៅថ្ងៃទី១២ខែមិថុនារវាងលោកនិងលោក Kim Jong Un នឹងធ្វើតាមការកំណត់។
ក៏ប៉ន្តែទោះជាយ៉ាងណាក៏ដោយក៏លោក Trump បានបំបាត់ការរំពឹងខ្លាំងខ្លះដោយលោកបាននិយាយថាជំនួបនេះគ្រាន់ «តែជាការចាប់ផ្តើម» ហើយទំនងជានឹងមានការពិភាក្សាគ្នាថែមទៀតដើម្បីធ្វើឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងយល់ព្រមការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរ។
លោកប្រធានាធិបតីអាមេរិកាំងរូបនេះបានថ្លែងថា «យើងនឹងមិនទៅទីនោះហើយចុះហត្ថលេខាលើឯកសារនានានៅថ្ងៃទី១២ខែមិថុនាទេហើយយើងមិនដែលធ្វើដូចនេះទេ។ យើងនឹងចាប់ផ្តើមដំណើរការមួយ»។
លោក Trump បានប្រកាសថាលោក «មិនដែលនិយាយថាកិច្ចព្រមព្រៀងគ្នានឹងកើតមានឡើងក្នុងការជួបជំនុំគ្នាតែម្តងទេ» តែថាវា «ជាដំណើរការមួយប្រកបដោយជោគជ័យ»។
នៅពេលត្រូវសួរដោយអ្នកយកព័ត៌មានរបស់ VOA អំពីថាតើពួកកូរ៉េខាងជើងប្តេជ្ញាឬទេអំពីការធ្វើមិនឱ្យមានអាវុធអ៊ុយក្លែអ៊ែរទាំងស្រុង ត្រួតពិនិត្យបាននិងមិនអាចប្រែក្រឡាស់នោះ លោក Trump គ្រាន់តែឆ្លើយតបថា «យើងនិយាយអំពីបញ្ហាជាច្រើន»។
លោកប្រធានាធិបតីបាននិយាយថាលោកបាននិយាយប្រាប់លោក Kim ដែលជាអតីតប្រធានផ្នែកស៊ើបការសម្ងាត់យោធានៃប្រទេសកូរ៉េខាងជើងថា«សូមកុំប្រញាប់ប្រញាល់។ យើងអាចចាត់វិធានការលឿនក៏បាន យឺតក៏បាន»។
លោកប្រធានាធិបតីបានមានប្រសាសន៍ច្បាស់លាស់ថាការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងនឹងត្រូវលុបចោលតែនៅពេលណាដែលប្រទេសនេះយល់ព្រមបោះបង់ឃ្លាំងអាវុធអ៊ុយក្លែអ៊ែររបស់ខ្លួន៕