ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោក ក្នុងអំឡុងពេលដែលលោកកំពុងទទួលការព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យយោធា Walter Reed។
លោក Trump បានបង្ហោះសារលើ Twitter ពីមន្ទីរពេទ្យយោធាជាតិ Walter Reed កាលពីព្រឹកថ្ងៃអាទិត្យ ថា៖ «សូមអរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់»។ លោកថ្លែងដូច្នេះចង់សំដៅដល់ក្រុមអ្នកគាំទ្ររបស់លោក ដែលបានប្រមូលផ្ដុំគ្នាកាលពីយប់ថ្ងៃសៅរ៍ នៅខាងក្រៅមន្ទីរពេទ្យ Walter Reed ដោយអ្នកទាំងនោះបាននាំគ្នាគ្រវីទង់ដែលសរសេរថា បោះឆ្នោតឲ្យលោក Trump នៅឆ្នាំ ២០២០។
ជំងឺរបស់លោក Trump បានធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ និងបានចោទជាសំណួរអំពីចំណាត់ការរបស់លោកចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ នេះផងដែរ។
លោកប្រធានាធិបតី Trump ខាងគណបក្សសាធារណរដ្ឋ ទទួលបានអត្រាគាំទ្រតិចជាងលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នៅក្នុងការស្ទង់មតិសាធារណៈមួយចំនួន។
ការស្ទង់មតិ Ipsos របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ បានរកឃើញថា លោក Biden នាំមុខលោក Trump ចំនួន ១០% នៅទូទាំងប្រទេស ដែលច្រើនជាងកាលពីពេលពីរខែមុនបន្ដិច។
នៅក្នុងការស្ទង់មតិនោះ ពលរដ្ឋអាមេរិកាំងប្រមាណចំនួន ៦៥% និយាយថា លោក Trump ប្រហែលជាមិនឆ្លងជំងឺកូវីដ១៩ ទេ បើសិនជាលោកមិនមើលស្រាលលើជំងឺនេះ។ នេះ គឺជាទស្សនៈដែលអ្នកគាំទ្រគណបក្សសាធារណរដ្ឋចំនួនពាក់កណ្ដាល ដែលបានចូលរួមក្នុងការស្ទង់មតិនេះ យល់ស្រប។
ចំណែកឯពលរដ្ឋអាមេរិកាំងចំនួនប្រមាណ ៥៥% វិញ បាននិយាយថា ពួកគេមិនជឿថា លោក Trump បាននិយាយការពិតអំពីជំងឺកូវីដ១៩ នេះទេ។
កន្លងមក លោក Trump បាននិយាយបន្ធូរបន្ថយអំពីការគំរាមកំហែងនៃជំងឺកូវីដ១៩ ម្ដងហើយម្ដងទៀត បើទោះជាជំងឺនេះបានឆក់យកជីវិតពលរដ្ឋអាមេរិកាំងអស់ជាង ២ សែន ៨ ពាន់នាក់ និងបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏ដោយ៕