លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានបន្តវាយប្រហារសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ ចំពោះរឿងចោទប្រកាន់ចង់ដកលោកចេញពីតំណែង ស្របពេលដែលមានការប្រឈមមុខដាក់គ្នាជាបន្ត អំពីគម្រោងកាត់ទោសលោកក្នុងព្រឹទ្ធសភា។
លោក ត្រាំ ថ្លែងនៅលើបណ្ដាញ Twitter ថា៖ «ពួកនិយមឆ្វេងជ្រុល ពួកប្រជាធិបតេយ្យដែលអត់ធ្វើការអ្វីសោះ បាននិយាយថាពួកគេចង់ប្រញេបប្រញាប់រុញសំណុំរឿងទៅឲ្យព្រឹទ្ធសភា ពីព្រោះពួកគេថា «ប្រធានាធិបតី ត្រាំ ជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ពួកគេសាហាវណាស់ អ្វីក៏និយាយដែរ។ ប៉ុន្តែឥឡូវនេះពួកគេលែងចង់ប្រញាប់ហើយ។ ពួកគេចង់ធ្វើយឺតៗវិញ!។ ពួកអ្នកកុហក»។
កាលពីសប្តាហ៏មុន សមាជិករដ្ឋសភាដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យស្ទើរតែទាំងអស់គ្នា បានអនុមត្តិលើបទចោទ២ប្រឆាំងលើលោក ត្រាំ ដែលជាការនាំឲ្យលោកក្លាយជាប្រធានាធិបតីស.រ.អា.ទី៣ ដែលត្រូវជាប់ចោទដកហូតតំណែងនៅក្នុងប្រវត្តិសាស្ត្រ ២៤៣ ឆ្នាំរបស់ស.រ.អា.។ លោកបានជាប់ចោទក្នុងបទរំលោភអំណាចប្រធានាធិបតី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និង ក្រោយមកបានរារាំងដល់កិច្ចប្រឹងប្រែងរបស់សភា ដើម្បីស៊ើបអង្កេតសកម្មភាពរបស់លោក។
ប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានពន្យាពេលនៃការបញ្ជូនបទចោទប្រកាន់ទាំង២ ទៅកាន់ព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដើម្បីឲ្យមានការចាប់ផ្តើមការវិនិច្ឆ័យទោសក្នុងព្រឹទ្ធសភា។ លោកស្រីបានថ្លែងថា លោកស្រីនឹងមិនបញ្ជូនសំណុំរឿងទៅព្រឹទ្ធសភាទេ រហូតដល់ពេលណាដែលព្រឹទ្ធសភា យល់ស្របលើវិន័យនៃដំណើរការវិនិច្ឆ័យទោសរួចរាល់សិន។
មេដឹកនាំព្រឹទ្ធសភា លោក Mitch McConnell បានបន្ទន់ការប្រឆាំងជំទាស់របស់លោក ចំពោះការទាមទាររបស់មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យ Chuck Schumer ដែលចង់ឲ្យមានការផ្តល់សក្ខីកម្មពីសំណាក់មន្ត្រី៤រូប ដែលក្នុងនោះមានរួមទាំង អតីតទីប្រឹក្សាសន្តិសុខជាតិ John Bolton និង នាយខុត្តការល័យស្តីទីរបស់សេតវិមាន Mick Mulvaney នៅក្នុងការវិនិច្ឆ័យទោសក្នុងព្រឹទ្ធសភា។ ឥឡូវនេះលោកថ្លែងថា គណបក្សសាធារណរដ្ឋមិនបានច្រានចោលការកោះហៅកស្សិណសាក្សីទេ៕