លោកប្រធានាធិបតីអាមេរិក Donald Trump បានអញ្ជើញប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ទៅកាន់សេតវិមានដើម្បីពិភាក្សាអំពីបញ្ហានានា ដែលក្នុងនោះក៏រួមមានការគំរាមកំហែងរបស់កូរ៉េខាងជើងទៅលើសន្តិសុខក្នុងតំបន់ផងដែរ។
បន្ទាប់ពីអ្នកទាំងពីរបាននិយាយឆ្លើយឆ្លងគ្នាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបានឲ្យដឹងថា «នោះគឺជាការសន្ទនាដ៏រាក់ទាក់មួយ ដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីកង្វល់របស់អាស៊ានទៅលើសន្តិសុខក្នុងតំបន់នេះ ដែលរួមទាំងការគំរាមកំហែងរបស់កូរ៉េខាងជើងផងដែរ»។
កូរ៉េខាងជើងបានធ្វើតេស្តសាកល្បងគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីបកាលពីព្រឹកថ្ងៃសៅរ៍នៅប៉ែកខាងជើងនៃរដ្ឋធានីព្យុងយ៉ាង។ ទាំងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងសេអ៊ូលបានឲ្យដឹងថា ការសាកល្បងនេះមិនបានជោគជ័យនោះទេ ប៉ុន្តែការសាកល្បងនេះនៅតែធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោស។
សម្តេចប៉ាប Francis បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា វិបត្តិនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងជើងបានកើនឡើងខ្លាំងហួសហេតុ ហើយទ្រង់បានព្រមានថា សង្គ្រាមជាមួយនឹងប្រទេសឯកោមួយនេះនឹងធ្វើឲ្យខ្ទេចខ្ទីនូវភាពមនុស្សធម៌។ សម្តេចប៉ាបបានស្នើឡើងថា ប្រទេសន័រវែស គួរតែធ្វើជាអ្នកសម្របសម្រួលនៅក្នុងវិបត្តិនេះ។ សម្តេចប៉ាបបានថ្លែងទៅកាន់អ្នកកាសែតនៅលើយន្តហោះរបស់ទ្រង់ថា «ប្រទេសន័រវែសតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីជួយ»។
ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា ខ្លួននឹងចេញថ្លៃបំពាក់ប្រព័ន្ធចាប់មីស៊ីល THAAD បើទោះបីជាសុន្ទរកថារបស់លោកប្រធានាធិបតី Trump កាលពីសប្តាហ៍មុនថា ប្រទេសកូរ៉េខាងត្បូងគួរតែជាអ្នកចេញក៏ដោយ៕