ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋ​អាមេរិក​បញ្ជូន​បទ​ចោទ​អតីត​ប្រធានាធិបតី លោក Trump ទៅ​កាន់​ព្រឹទ្ធសភា


សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នាំ​គ្នា​ឈរ បន្ទាប់​ពី​ប្រគល់​បទចោទប្រកាន់​អតីត​ប្រធានាធិបតី​លោក Donald Trump ទៅ​កាន់​ព្រឹទ្ធសភា​​កាល​ពី​ថ្ងៃ​ច័ន្ទ។
សមាជិក​រដ្ឋសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នាំ​គ្នា​ឈរ បន្ទាប់​ពី​ប្រគល់​បទចោទប្រកាន់​អតីត​ប្រធានាធិបតី​លោក Donald Trump ទៅ​កាន់​ព្រឹទ្ធសភា​​កាល​ពី​ថ្ងៃ​ច័ន្ទ។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិកនឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​ និង​សមាជិក​គណៈ​វិនិច្ឆ័យ នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ក្នុង​ការ​ជំនុំជម្រះក្ដី​អំពី​ការ​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី លោក Donald Trump។​

សវនាការ​នេះនឹង​មិន​ចាប់​ផ្ដើម​ភ្លាមៗ​ទេ រហូត​ដល់​ថ្ងៃ​ទី៨ ខែ​កុម្ភ: បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​បាន​យល់​ព្រម​ពន្យារ​ពេល​ខ្លី​មួយ ដើម្បី​ឱ្យ​សមាជិក​រដ្ឋសភា​នៃ​គណបក្ស​ទំាង​ពីរ​ដែល​មាន​តួនាទី​ជា​រដ្ឋអាជ្ញា​ ក៏​ដូច​ជាក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក​ Trump មាន​ពេល​រៀបចំ​ខ្លួន។ ការ​ពន្យារ​ពេល​នេះ​ក៏​នឹង​អនុញ្ញាត​ឱ្យ​ព្រឹទ្ធសភា​មាន​ឱកាស​អនុម័ត​មុខ​តំណែង​នានា​នៃ​គណ:រដ្ឋមន្ត្រី​ដែល​លោក​ប្រធានាធិបតី Joe Biden បាន​តែង​តាំង​ផង​ដែរ។​

កាល​ពីល្ងាច​ថ្ងៃ​ច័ន្ទ សមាជិក​រដ្ឋសភា ដែល​នឹង​កាន់​តួនាទី​ជា​រដ្ឋអាជ្ញា​នៃ​សវនការ​នោះ បាន​ធ្វើ​ពិធី​ដើរ​ក្បួន​ទៅ​កាន់​អង្គ​ជំនុំជម្រះ​នៃ​ព្រឹទ្ធសភា​ ដើម្បី​បញ្ជូន​បទចោទ​ប្រកាន់​លោក Trump ​ទៅ​កាន់​ព្រឹទ្ធសភា ដោយ​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញុង​ឱ្យ​មាន​ការ​បះបោរ​ពីក្រុម​កុបករ​ដែល​គាំទ្រ​លោក ដែល​បាន​វាយ​លុក​ចូល​ក្នុង​វិមាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក កាល​ពី​ដើម​ខែ​មករា​នេះ។ ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​សមាជិក​សភា​រត់​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព និង​បាន​បង្ក​ឱ្យ​មនុស្ស​ប្រាំ​នាក់​ស្លាប់​បាត់បង់​ជីវិត។​

លោក​ Jamie Raskin អ្នក​តំណាងរាស្ត្រ​មក​ពី​រដ្ឋ​ Maryland ដែល​ដឹកនាំ​ការ​ចោទ​ប្រកាន់​នេះ​ បាន​អាន​ការ​ចោទ​ប្រកាន់​នេះ​ដូច្នេះ​ថា៖ លោក Trump បាន​«បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរដល់​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​និង​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល»។​

ចំណែក​លោក Trump បាន​ជួល​មេធាវី​ខាង​ក្រម​សីលធម៌​និង​ការ​បោះឆ្នោត​ លោក Butch Bowers ឱ្យ​ដឹកនំា​ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក ជាមួយ​អ្នកស្រី Deborah Barbierអតីត​រដ្ឋអាជ្ញា​សហព័ន្ធ​ដែល​ធ្វើ​ការ​ជា​មេធាវី​ការពារ​ក្តី​ជំនាញ​ខាង​ឧក្រិដ្ឋកម្មនៃ​អ្នក​ធ្វើ​ការ​នៅ​ការិយាល័យ៕

XS
SM
MD
LG