លោកប្រធានាធិបតីអាមេរិក Donald Trump ដែលកាលពីមុនធ្លាប់ហៅប៉ារីសថាជាទីក្រុងមួយដែលគ្មានសុវត្ថិភាព ដោយសារតែការវាយប្រហារភេរវកម្ម បានធ្វើដំណើរទៅកាន់រដ្ឋធានីនៃប្រទេសបារាំងនេះកាលពីថ្ងៃពុធ ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មជាមួយនឹងលោកប្រធានាធិបតីបារាំង Emmanuel Macron ហើយនិងដើម្បីប្រារព្ធខួប១០០ឆ្នាំនៃការដែលកងកម្លាំងអាមេរិកបានចូលរួមក្នុងសង្គ្រាមលោកលើកទី១។
កាលពីមួយឆ្នាំមុន លោក Trump បានពណ៌នាទីក្រុងប៉ារីសថា «មិនអាចទប់ស្កាត់បាន និងមានគ្រោះថ្នាក់ខ្លាំងណាស់» ហើយក្នុងពេលថ្មីៗនេះ លោកបានលើកឡើងបន្ថែមថា ការវាយប្រហាររបស់ក្រុមរដ្ឋឥស្លាមនៅក្នុងទីក្រុងប៉ារីសបានធ្វើឲ្យប៉ារីសបាត់បង់ប្រជាប្រិយភាពជាគោលដៅទេសចរណ៍លំដាប់ពិភពលោករបស់ខ្លួន។
ខណៈដែលលោកដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសស្តីពីការទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ លោក Trump បានថ្លែងថា លោកត្រូវបានបោះឆ្នោតឲ្យធ្វើជាអ្នកតំណាងទីក្រុង Pittsburgh មិនមែនទីក្រុងប៉ារីសនោះទេ។
ប៉ុន្តែនៅក្នុងទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ទីក្រុងប៉ារីស លោក Trump មានផែនការនឹងជួបជាមួយនឹងលោក Macron ដែលទើបតែជាប់ឆ្នោតថ្មី បរិភោគអាហារពេលថ្ងៃត្រង់ជាមួយនឹងមន្ត្រីយោធា ធ្វើដំណើរទស្សនកិច្ចទៅកាន់ចេតិយលោក Napoleon Bonaparte ហើយនៅថ្ងៃសៅរ៍នឹងចូលរួមក្នុងទិវា Bastille Day ដែលជាទិវាឈប់សម្រាកជាតិមួយរបស់បារាំង៕