ប្រធានាធិបតីស.រ.អា. Donald Trump រំពឹងថានឹងមានការស្វាគមន៍ដោយមិត្តភាពនៅពេលលោកធ្វើដំណើរទៅដល់រដ្ឋធានីនៃប្រទេសប៉ូឡូញ នៅថ្ងៃពុធនេះដែលជាប្រទេសទីមួយនៃដំណើរបេសកកម្មខាងការទូតបួនថ្ងៃរបស់លោកក្នុងទ្វីបអឺរ៉ុប។
ក៏ប៉ុន្តែមេដឹកនាំស.រ.អា.រូបនេះប្រឈមនឹងកង្វល់នៅទូទាំងទ្វីបអឺរ៉ុបអំពីការប្រកាសអំពីគោលនយោបាយកាលពីពេលមុនៗរបស់លោក ដោយមានរួមបញ្ចូលការប្តេជ្ញារបស់លោកដល់អង្គការអូតង់ ការសម្រេចចិត្តរបស់លោកក្នុងការដកស.រ.អា.ចេញពីកិច្ចព្រមព្រៀងនៅក្រុងប៉ារីស អំពីការប្រែប្រួលធាតុអាកាស និងការកោតសរសើររបស់លោកកាលពីពេលមុនដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។
លោក Trump នឹងថ្លែងសុន្ទរកថាសាធារណៈសំខាន់ទីមួយរបស់លោកនៅក្នុងទ្វីបអឺរ៉ុបនៅពេលលោកថ្លែងសុន្ទរកថាមួយនៅក្នុងទីលាន Krasinski ដែលជាកន្លែងមួយមានភាពជានិមិត្តរូបជ្រៀលជ្រៅសម្រាប់ប្រជារាស្ត្រ Pologne ច្រើននាក់ដែលរំឭកដល់ការតស៊ូរបស់ពួកគេប្រឆាំងនឹងការគ្រប់គ្រងផ្តាច់ការ។
សេតវិមានបាននិយាយថា លោកប្រធានាធិបតី Trump នឹងនិយាយជាថ្មីទៀតអំពីការប្តេជ្ញារបស់លោកដល់គោលការណ៍នៃកិច្ចការពាររួមគ្នារបស់អង្គការអូតង់ ក៏ប៉ុន្តែលោកក៏នឹងថ្លែងជាថ្មីទៀតដែរអំពីការទាមទាររបស់លោកឱ្យប្រទេសជាសមាជិកឯទៀតៗធ្វើវិភាគទានថែមទៀតដល់បន្ទុកហិរញ្ញវត្ថុនៃសម្ព័ន្ធភាពនេះ។ លោក Trump សង្ឃឹមថានឹង ធ្វើបានល្អជាងដំណើរទស្សនកិច្ចឆ្នាំឆ្គងលើកទីមួយរបស់លោកទៅកាន់អឺរ៉ុបកាលពីខែឧសភាមុនដែលនៅពេលនោះលោកបានស្តីបន្ទោសពួកមេដឹកនាំនៃក្រុមប្រទេសជាសមាជិកនៃអង្គការអូតង់ដែលមិនបានបង់ប្រាក់កាសឱ្យបានគ្រប់គ្រាន់ដល់កងកម្លាំងយោធារបស់ខ្លួន នៅពេលដែលលោកមិនបានគាំទ្រមាត្រា៥នៃសន្ធិសញ្ញាអូតង់ដែលអំពាវនាវដល់ប្រទេសជាតិទាំងអស់នៅក្នុងសម្ព័ន្ធភាពនេះឱ្យឆ្លើយតបប្រសិនបើប្រទេសជាសមាជិកមួយបានត្រូវវាយប្រហារ។
ក្រុមទាហានស.រ.អា.ជាង៣ពាន់នាក់បានឈរជើងនៅក្នុងប្រទេសប៉ូឡូញ ដែលនេះជាផ្នែកមួយនៃការដាក់ពង្រាយទាហានរបស់អង្គការអូតង់ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន៕