រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចេញគោលការណ៍តឹងតែងជាងមុនកុំឲ្យប្រជាពលរដ្ឋមានការជួបជុំគ្នាច្រើនសម្រាប់រយៈពេល ១៥ ថ្ងៃខាងមុខ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី និងបានទទួលស្គាល់ថា វាអាចត្រូវការពេលរហូតដល់ខែកក្កដា ឬសីហាខាងមុខ មុនពេលការឆ្លងមេរោគនេះអាចគ្រប់គ្រងបាន។
រដ្ឋមួយចំនួនបានបញ្ជាឲ្យមានការដាក់កំហិតលើកន្លែងអាជីវកម្មនានាដូចជាភោជនីយដ្ឋានជាដើម និងឲ្យមានការបិទសាលារៀន ស្របពេលដែលរដ្ឋាភិបាលសហព័ន្ធបានច្រានចោលពាក្យចចាមអារ៉ាមដែលថា នឹងមានការបិទការដើរហើរនៅទូទាំងប្រទេស។
លោកប្រធានាធិបតី Trump បញ្ជាក់ដូច្នេះថា៖ «រដ្ឋបាលរបស់ខ្ញុំស្នើឲ្យពលរដ្ឋអាមេរិកាំងទាំងអស់រួមទាំងពលរដ្ឋក្មេងៗ និងពលរដ្ឋដែលមានសុខភាពល្អផងដែរ ចូលរួមនៅក្នុងការបង្រៀនកូនៗនៅតាមផ្ទះប្រសិនបើអាចទៅរួច [ក្នុងស្ថានការណ៍ដែលមានការបិទសាលានេះ] ក៏ដូចជាជៀសវាងការជួបជុំជាក្រុមលើសពី ១០ នាក់ ជៀសវាងការធ្វើដំណើរមិនចាំបាច់នានា និងជៀសវាងបរិភោគតាមបារ ភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបសាធារណៈនានា»។
កន្លងមក លោក Trump ត្រូវបានគេរិះគន់ថា ដោះស្រាយវិបត្តិមេរោគកូរ៉ូណាថ្មីនេះមិនបានល្អ ដែលរួមមានទាំងការអួតសរសើរលឿនពេកលើវិបសាយ Google ដែលលោកបាននិយាយថា ជាវិបសាយដែលអាចជួយប្រជាពលរដ្ឋឲ្យវិភាគថាតើពួកគេចាំបាច់ត្រូវធ្វើតេស្តរកមេរោគកូរ៉ូណាថ្មីនេះឬក៏អត់។ ប៉ុន្តែ ដោយសារតែករណីឆ្លងមេរោគនេះកើនឡើង លោកបានប្រើពាក្យម៉ឺងម៉ាត់ជាងមុន និងបានទទួលស្គាល់ថា មេរោគនេះអាចគ្រប់គ្រងបានយ៉ាងហោចណាស់រហូតដល់ខែកក្កដា ឬក៏សីហាខាងមុខ៕