ពីរសប្ដាហ៍ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump ដែលត្រូវគេព្យាករណ៍ថាបានចាញ់ការបោះឆ្នោតនោះ បានបញ្ឈប់តំណែងមន្ត្រីដែលទទួលខុសត្រូវលើការដឹកនាំការការពារសន្ដិសុខនៃការបោះឆ្នោត។
កាលពីយប់ថ្ងៃអង្គារ លោក Trump បានរិះគន់ខ្លាំងៗលើនាយកទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (CISA) លោក Christopher Krebs សម្រាប់អ្វីដែលលោក Trump ហៅថា ការលើកឡើងដោយ «មិនត្រឹមត្រូវធ្ងន់ធ្ងរ» អំពីការបោះឆ្នោត និងបានចោទប្រកាន់ថា ការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកា ត្រូវបានបំផ្លាញដោយ «ភាពមិនត្រឹមត្រូវ និងការក្លែងបន្លំធ្ងន់ធ្ងរ»។
លោក Trump បន្ថែមថា៖ «លោក Chris Krebs ត្រូវបានបញ្ឈប់ពីតំណែងជានាយកទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ ដោយចូលជាធរមានភ្លាមៗ»។
លោក Krebs បានឆ្លើយតបទៅនឹងការបញ្ឈប់ពីតំណែងនេះនៅលើទំព័រ Twitterផ្ទាល់ខ្លូនថ្មីរបស់លោកដូច្នេះថា៖ «ជាកិត្តិយសដែលបានបម្រើការងារ។ យើងធ្វើវាបានត្រឹមត្រូវ។ ការពារថ្ងៃនេះដើម្បីសុវត្ថិភាពថ្ងៃស្អែក»។
ភាពតានតឹងជុំវិញការចោទប្រកាន់ថាមានការបន្លំនៅក្នុងការបោះឆ្នោតកើតមានជាច្រើនខែមកហើយ ដោយលោក Trump បានព្រមានម្ដងហើយម្ដងទៀតអំពីការដែលអាចមានការបន្លំនៅក្នុងការបោះឆ្នោត ដោយផ្ដោតក្ដីបារម្ភរបស់លោកលើការបោះឆ្នោតផ្ញើតាមប្រៃណីយស៍ ដែលត្រូវបានធ្វើឡើងច្រើន ដោយសារតែវិបត្តិជំងឺកូវីដ១៩។
លោកបានលើកឡើងជាថ្មីម្ដងទៀតនូវការចោទប្រកាន់ទាំងនេះ នៅថ្ងៃទី៥ ខែវិច្ឆិកា ពីរថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត ដោយបានប្រកាសនៅលើ Twitter ថា យុទ្ធនាការរបស់លោកនឹងតតាំងនឹងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋមួយចំនួនដែលព្យាករណ៍ថាលោក Joe Biden ដែលជាគូប្រជែងរបស់លោក ជាអ្នកឈ្នះ ដោយសារមាន «ការបន្លំការបោះឆ្នោតទូទៅ និងការបន្លំការបោះឆ្នោតតាមរដ្ឋ»៕