ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែស្ថិតនៅក្នុងប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងជំនួបកំពូលរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ មេដឹកនាំសហរដ្ឋអាមេរិកបាននិយាយថា លោកមាន «សុទិដ្ឋិនិយម» ចំពោះជំនួបដែលនឹងមកដល់នេះ។
បន្ទាប់ពីបោះជំហានចេញពីយន្តហោះដឹកប្រធានាធិបតី Air Force One កាលពីថ្ងៃអាទិត្យ លោក ត្រាំ ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី គឺលោក Vivian Balakrishnan។
ឆ្លើយនឹងសំណួររបស់អ្នកកាសែតដែលស្រែកសួរថា «តើជំនួបកំពូលនេះនឹងទទួលបានជោគជ័យដែរឬទេ» និងសំណួរថា «តើលោកមានអារម្មណ៍យ៉ាងណាដែរ» លោក ត្រាំ បានឆ្លើយតបវិញថា «ល្អណាស់»។
នៅមុនដំណើរមកដល់របស់លោក លោក ត្រាំ បានទទួលស្គាល់ថា លោកកំពុងតែឆ្ពោះទៅកាន់ «ដែនដីដែលមិនស្គាល់មួយ» សម្រាប់កិច្ចប្រជុំនៅថ្ងៃអង្គារស្អែកនេះ។
ឆ្លើយតបនឹងសំណួររបស់ VOA នៅមុនពេលធ្វើដំណើរឆ្ពោះទៅកាន់តំបន់អាស៊ីពីកិច្ចប្រជុំកំពូលបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ G7 ក្នុងប្រទេសកាណាដា លោក ត្រាំ បានថ្លែងថា «ខ្ញុំពិតជាមានអារម្មណ៍ជឿជាក់ណាស់» ទៅលើជំនួបដែលមិនធ្លាប់មានពីមុនមករវាងប្រធានាធិបតីអាមេរិកដែលកំពុងកាន់តំណែងនិងមេដឹកនាំកូរ៉េខាងជើងដែលបានប្រើកណ្តាប់ដៃដែកដើម្បីត្រួតត្រាប្រទេសដ៏ផ្តាច់ការបំផុតមួយក្នុងពិភពលោកអស់បីជំនាន់មកហើយ។
លោក ត្រាំ បានបន្ថែមទៀតថា លោកជឿថា លោក គីម ដែលមានអាយុប្រមាណពាក់កណ្តាលអាយុរបស់លោក «ចង់ធ្វើអ្វីមួយដែលល្អសម្រាប់ប្រជាជនរបស់ខ្លួន»។ ប៉ុន្តែលោក ត្រាំ បានប្រាប់ឲ្យលោក គីម ប្រុងប្រយ័ត្នថា «លោក គីម នឹងមិនមានឱកាសនេះម្តងទៀតទេ» ប្រសិនបើជំនួបនេះមិនដំណើរការដោយរលូន។ លោក ត្រាំ ពណ៌នាឱកាសការទូតជាមួយនឹងសហរដ្ឋអាមេរិកនេះថាជាឱកាសតែមួយគត់៕