ការពិភាក្សាតាមទូរស័ព្ទភ្ជាប់គ្នា៣ខ្សែអំពីការផលិតប្រេងត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត មុនពេលការប្រកាសកិច្ចព្រមព្រៀងមួយដោយអង្គការ OPEC និងប្រទេសផ្សេងៗទៀត។
លោកប្រធានាធិបតី ត្រាំ បាននិយាយនៅឯការចាប់ផ្តើមសន្និសីទកាសែតប្រចាំថ្ងៃដោយក្រុមការងារកូរ៉ូណារបស់សេតវិមានថា៖ «យើងមានការពិភាក្សាដ៏ធំមួយក្នុងឋានៈជាប្រទេសផលិតប្រេងនិងអង្គការនាំប្រេងចេញ OPEC ហើយយើងនឹងធ្វើឲ្យឧស្សាហកម្មប្រេងរបស់យើងល្អ ហើយឧស្សាហកម្មប្រេងមានភាពប្រសើរឡើងជាងនៅពេលសព្វថ្ងៃនេះ»។
ការរាលដាលជាសាកលនៃជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់តម្រូវការថាមពលធ្វើឲ្យប្រេងចុះថ្លៃ និងធ្វើឲ្យគ្រោះថ្នាក់ដល់ការងារនៅក្នុងឧស្សាហកម្មនេះ។
អង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលដឹកនាំដោយប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញកាត់បន្ថយផលិតផលប្រេងរួមគ្នាជាង១ភាគ៥។ ពួកគេនិយាយថា ពួកគេរំពឹងថា សហរដ្ឋអាមេរិកនិងប្រទេសផលិត ប្រេងផ្សេងទៀត ចូលរួមការខំប្រឹងប្រែងរបស់ពួកគេដើម្បីដំឡើងតម្លៃប្រេង។
ដោយពួកមន្រ្តីរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ កំពុងសម្តែងនូវក្តីសង្ឃឹមថា ការរាលដាលជាសាកលនៃមេរោគកូរ៉ូណា អាចឡើងទៅដល់ចំណុចកំពូលនៅទីកន្លែងសំខាន់ៗនៅពេលឥឡូវនេះដូចជាទីក្រុងញូវយ៉កដែលជាទីកន្លែងផ្ទុះយ៉ាងខ្លាំងនូវការឆ្លងមេរោគសាកលលោក មានការផ្តោតការយកចិត្តទុកដាក់កើនឡើងលើការពិចារណាថា នៅពេលណាសេដ្ឋកិច្ចសហរដ្ឋអាមេរិកបើកឡើងវិញ ភាគច្រើនបានបិទដោយសារមកពីវីរុសកូរ៉ូណានោះ។
រដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ ជិតប្រកាសក្រុមការងារទី២ដែលនឹងផ្តោតលើបញ្ហាសេដ្ឋកិច្ច៕