សមាជិកពីរនាក់នៃព្រឹទ្ធសភាស.រ.អា.បានដាក់ស្នើសេចក្តីព្រាងច្បាប់មួយរបស់គណបក្សទាំងពីរដើម្បីផ្តល់ការលើកលែងទោសដល់ពួកជនអន្តោប្រវេសន៍ខុសច្បាប់ដែលបានមករស់នៅក្នុងស.រ.អា.កាលពីក្មេង។
លោក Dick Durbin សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនិងលោក Lindsey Graham សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បានឧបត្ថម្ភរួមគ្នានូវសេចក្តីព្រាងច្បាប់មួយឈ្មោះ Dream Act of 2017 ដែលនឹងធ្វើឱ្យប្រាកដប្រជានូវឋានៈជាអ្នករស់នៅជាអចិន្ត្រៃយ៍ក្នុងស.រ.អា.នៃមនុស្សវ័យក្មេងប្រមាណមួយលាននាក់ ដែលបានត្រូវស្គាល់ថាជាអ្នកប៉ងប្រថ្នាមករស់ក្នុងប្រទេសអាមេរិកភាសាអង់គ្លេសហៅថា Dreamers នៅក្រោយសេចក្តីព្រាងច្បាប់ 2001 Dream Ac និងដែលបានត្រូវនាំមករស់ក្នុងប្រទេសអាមេរិកនៅពេលមានអាយុតិចជាង១៧ឆ្នាំហើយបានរស់នៅក្នុងប្រទេសនេះយ៉ាងតិចណាស់បួនឆ្នាំ។
សេចក្តីព្រាងច្បាប់នេះបើត្រូវអនុម័តនឹងក្លាយទៅជាមធ្យោបាយមួយដើម្បីជួយដល់ពួកមនុស្សវ័យក្មេងដែលបានចុះឈ្មោះក្នុងកម្មវិធីនេះនៅពេលដែលលោក Barack Obama កាន់តំណែងប្រធានាធិបតី។ កម្មវិធីនេះមានឈ្មោះថាសកម្មភាពពន្យារពេលឱ្យពួកជនដែលមកនៅប្រទេសអាមេរិកកាលពីក្មេងភាសាអង់គ្លេសហៅថា Deferred Action for Childhood Arrivals ហៅកាត់ថា DACA។
ក៏ប៉ន្តែទោះជាយ៉ាងណាក៏ដោយក៏កម្មវិធី DACA កំពុងមានបញ្ហា។ កាលពីសប្តាហ៍មុន លោក John Kelly រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិបាននិយាយប្រាប់ពួកសមាជិកនៃក្រុមសមាជិកសភាស.រ.អា.ដែលមានដើមកំណើតអេស្ប៉ាញ ថាក្រសួងសន្តិសុខមាតុភូមិនឹងមិនប្តេជ្ញាការពារកម្មវិធីនេះក្នុងតុលាការទេពីព្រោះពួកមេធាវីរបស់ក្រសួងលោកនិយាយថាកម្មវិធី DACA មិនទំនងជានឹងស្ថិតជាធរមានបានទេនៅពេលមានការប្រឆាំងតាមផ្លូវច្បាប់ដោយពួកមន្ត្រីមួយក្រុមមកពីរដ្ឋ១០ខាងគណបក្សសាធារណរដ្ឋ៕