កាលពីយប់ថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលបានឆ្លងជំងឺកូវីដ១៩ បានបញ្ជូនសារតាមបណ្តាញសង្គម Twitter ពីបន្ទប់ក្នុងមន្ទីរពេទ្យថា៖
«ខ្ញុំគិតថា ខ្ញុំមានសុខភាពល្អ។ អគុណអ្នកទាំងអស់គ្នា។ ដោយក្តីស្រឡាញ់!!»។
លោកវេជ្ជបណ្ឌិតSean Conley ដែលជាវេជ្ជបណ្ឌិតរបស់លោកប្រធានាធិបតី បាននិយាយនៅក្នុងកំណត់ហេតុខ្លីមួយ ផ្ញើទៅជូនលោកស្រី Kayleigh McEnany អ្នកនាំពាក្យសេតវិមាន កាលពីថ្ងៃសុក្រថា៖
«នៅល្ងាចនេះ ខ្ញុំសប្បាយរីករាយនឹងរាយការណ៍ជូនថា លោកប្រធានាធិបតី មានសុខភាពល្អ ។ លោកមិនតម្រូវឲ្យដាក់ខ្យល់អុកស៊ីសែនទេ ក៏ប៉ុន្តែដោយមានការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស យើងបានសម្រេចផ្តួចផ្តើមឲ្យប្រើថ្នាំ Remdesivir ដើម្បីព្យាបាល។ លោកប្រធានាធិបតីបានទទួលទានថ្នាំនោះលើកទី១ ហើយកំពុងសម្រាកយ៉ាងស្រួល»។
លោកប្រធានាធិបតី Trump បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រចេញពីសេតវិមានទៅកាន់មន្ទីរពេទ្យយោធានៅក្បែនោះ កាលពីរសៀលថ្ងៃសុក្រ ហើយលោកប្រធានាធិបតី ត្រូវគេរំពឹងនឹងស្ថិតនៅក្នុងមន្ទីរពេទ្យនោះ យ៉ាងហោចណាស់ក៏ជាច្រើនថ្ងៃដែរ។
លោកប្រធានាធិបតី ដែលបានបក់ដៃនិងលើកមេដៃឡើងលើ (ដែលជាកាយវិការបង្ហាញស្មារតីល្អ) ទៅកាន់អ្នកយកព័ត៌មាន រួចបានឡើងជិះឧទ្ធម្ភាគចក្រ Marine One សម្រាប់ប្រធានាធិបតីអាមេរិក នៅឧទ្យានខាងត្បូងរបស់សេតវិមាន ហើយឧទ្ធម្ភាគចក្របានហោះទៅកាន់មន្ទីរពេទ្យយោធាជាតិ Walter Reed នៅរដ្ឋ Maryland ជាយរដ្ឋធានីវ៉ាស៊ីនតោន។
បន្ទាប់ពីឧទ្ធម្ភាគចក្របានចុះនៅមន្ទីរពេទ្យនោះ លោកប្រធានាធិបតី Trump បានដើរទៅកាន់រថយន្ត ដែលដឹកលោកទៅកាន់ច្រកទ្វារចូលក្នុងមន្ទីរពេទ្យនៅក្បែរនោះ ។
លោកស្រី McEnany អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ដោយមានការប្រុងប្រយ័ត្នទុកជាមុនយ៉ាងខ្លាំង និងតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់លោកប្រធានាធិបតីនិងអ្នកជំនាញសុខាភិបាល លោកប្រធានាធិបតីនឹងធ្វើការពីការិយាល័យប្រធានាធិបតី នៅឯមន្ទីរពេទ្យ Walter Reed ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។
នៅពេលនេះ មិនមានការផ្ទេរអំណាចអ្វីពីលោកប្រធានាធិបតី អាយុ ៧៤ ឆ្នាំ ដែលត្រូវចូលសម្រាកនៅមន្ទីរពេទ្យ ទៅឲ្យលោកអនុប្រធានាធិបតី Mike Pence នោះទេ ដោយលោក Pence បន្តស្ថាក់នៅគេហដ្ឋានអនុប្រធានាធិបតីនៅ U.S. Naval Observatory ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើយោងតាមមន្ត្រីសេតវិមាន៕