លោក Michael Flynn ទីប្រឹក្សាសន្តិសុខជាតិស.រ.អា.បានលាលែងចេញពីតំណែងហើយនៅបន្ទាប់ពីមានរបាយការណ៍ជាច្រើនថាលោកបាននាំឱ្យពួកមន្ត្រីរដ្ឋបាលយល់ខុសអំពីការទាក់ទងរបស់លោកជាមួយប្រទេសរុស្សី។
នៅក្នុងលិខិតសុំលាលែងចេញពីតំណែងរបស់លោក លោក Flynn បាននិយាយថាត្រួសៗដោយអចេតនាប្រាប់លោក Mike Pence ដែលកាលនោះជាអនុប្រធានាធិបតីស.រ.អា.ជាប់ឆ្នោតនិងមន្ត្រីអាមេរិកាំងឯទៀតៗជាមួយព័ត៌មានមិនសព្វគ្រប់ទាក់ទិននឹងការនិយាយទូរស័ព្ទរបស់លោកជាមួយឯកអគ្គរដ្ឋទូតរុស្សីប្រចាំស.រ.អា.។
របាយការណ៍នៅក្នុងកាសែត Washington Post និងកាសែត New York Times កាលពីថ្ងៃសុក្របានចែងថាលោក Flynn បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរុស្សីអំពីការដាក់ទណ្ឌកម្មរដោយរដ្ឋបាលលោកអូបាម៉ា លើប្រទេសរុស្សី ទោះណាជាមានការបដិសេធពីរដ្ឋបាល Trump ថាការនិយាយគ្នានោះគ្មានទាក់ទិននឹងការដាក់ទណ្ឌកម្មក៏ដោយ។
ពួកសមាជិកព្រឹទ្ធសភាមួយចំនួននៃគណបក្សប្រជាធិបតេយ្យបានអំពាវនាវឱ្យមានការស៊ើបអង្កេតអំពីលោក Flynn។ ចំណែកឯអ្នកទៀតៗបានសុំឱ្យលោក Trump ដកលោកចេញពីតំណែងដើម្បីមន្ត្រីស៊ើបការសម្ងាត់ពិនិត្យសើរើជាថ្មីអំពីការស៊ើបអង្កេតខាងសន្តិសុខអំពីលោកផងដែរ។
ជនអនាមិក៩នាក់ត្រូវពណ៌នាថាជាមន្ត្រីនៅពេលបច្ចុប្បន្ននិងជាអតីតមន្ត្រីស.រ.អា.បាននិយាយប្រាប់សារព័ត៌មាន Washington Post ថាលោក Flynn និងឯកអគ្គរដ្ឋទូតរុស្សី Sergey Kislyak បានពិភាក្សាគ្នាអំពីការដាក់ទណ្ឌកម្មលើប្រទេសរុស្សីដោយរដ្ឋបាលលោកអូបាម៉ា ក្រោយពីមានរឿងអាស្រូវអំពីការលបលួចចូលមើលទិន្នន័យកុំព្យូទ័រ ស្តីពីការបោះឆ្នោត។
ការហៅទូរស័ព្ទទាំងនេះមានឡើងនៅពេលដែលរដ្ឋបាលលោកអូបាម៉ាគ្រោងនឹងដាក់ទណ្ឌកម្មដែលនាំឱ្យមានការសង្ស័យដោយពួកមន្ត្រីខាងការស៊ើបការសម្ងាត់ស.រ.អា.និងបណ្តាលឱ្យមានការស៊ើបអង្កេតមួយផងដែរ៕