លោកស្រីនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Theresa May បានសរសើរការឆ្លើយតបយ៉ាងខ្លាំងដោយសហរដ្ឋអាមេរិកដែលបានបញ្ជាឲ្យបណ្តេញអ្នកការទូតរុស្ស៊ីចំនួន៦០នាក់បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានទទួលរងការស្តីបន្ទោសចំពោះការវាយប្រហារដោយប្រើសារធាតុធ្វើឲ្យខូចសសៃប្រសាទប្រឆាំងនឹងអតីតចារបុរសរុស្ស៊ីក្នុងចក្រភពអង់គ្លេស។
សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីបានប្រាប់ឲ្យដឹងថា លោកស្រីនាយករដ្ឋមន្រ្តី May បាននិយាយជាមួយប្រធានាធិបតី ដូណាល់ ត្រាំតាមទូរស័ព្ទហើយបានប្រាប់ប្រធានាធិបតីត្រាំថា ចក្រភពអង់គ្លេសស្វាគមន៍ការឆ្លើយតបរបស់សហរដ្ឋអាមេរិកដល់ការបំពុលលោក Sergei Skripal ហើយនិងកូនស្រីរបស់លោកក្នុងទីក្រុង Salisbury ចក្រភពអង់គ្លេសកាលពីដើមខែនេះ។
សេតវិមានបានប្រាប់ឲ្យដឹងថា «មេដឹកនាំទាំង២បានព្រមព្រៀងគ្នាពីសារៈសំខាន់នៃការរំលាយបណ្តាញចារកម្មរបស់រុស្ស៊ីនៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដើម្បីទប់ស្កាត់សកម្មភាពលួចលាក់របស់រុស្ស៊ីហើយនឹងរារាំងការវាយប្រហារដោយប្រើអាវុធគីមីនៅពេលអនាគតនៅលើទឹកដីរបស់ប្រទេសទាំង២។
ប្រទេសជាង២០បានចូលរួមជាមួយសហរដ្ឋអាមេរិកដើម្បីបណ្តេញពួកអ្នកការ ទូតរុស្ស៊ី។ លោកស្រីនាយករដ្ឋមន្ត្រី May បានមានប្រសាសន៍ថា លោកស្រីស្វាគមន៍ចំណាត់ការរបស់អន្តរជាតិនៅក្នុងការឆ្លើយតបទៅនឹងអាកប្បកិរិយាដ៏ឥតអៀនខ្មាសរបស់រុស្ស៊ីនេះ។
លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូនឹងធ្វើការឆ្លើយតបទៅនឹងចំណាត់ការដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុង រយៈពេលមួយសប្តាហ៍។ លោកបានពណ៌នាថា ការបណ្តេញអ្នកការទូតរបស់ប្រទេសលោកចេញពីប្រទេសលោកខាងលិចជាអាកប្បកិរិយាប្រឆាំងនឹងរុស្ស៊ី៕