លោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្តែងនូវការព្រួយកង្វល់យ៉ាងខ្លាំងបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំ បានសន្យាកាលពីថ្ងៃចន្ទថា នឹងប្រើយោធាដើម្បីបញ្ចប់កុបកម្ម និងការគ្មានច្បាប់ទម្លាប់ដែលបានផ្ទុះឡើងនៅទូទាំងសហរដ្ឋអាមេរិកបន្ទាប់ពីការស្លាប់បុរសស្បែកខ្មៅម្នាក់នៅក្នុងការឃុំឃាំងរបស់ប៉ូលិសកាលពី១សប្តាហ៍មុននៅក្នុងទីក្រុងមីនីអាប់ប៉ូលីស។
ក្នុងសុន្ទរកថាផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទូទាំងប្រទេសនៅឧទ្យានផ្កាកូលាបនៅសេតវិមាន លោកប្រធានាធិបតីត្រាំបានព្រមានថា «ប្រសិនបើទីក្រុង ឬរដ្ឋបដិសេធពុំចាត់វិធានការដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពលរដ្ឋរបស់ខ្លួនទេ ដូច្នេះ ខ្ញុំនឹងបញ្ជូនយោធាសហរដ្ឋអាមេរិកហើយនឹងដោះស្រាយបញ្ហានេះឲ្យឆាប់រហ័សសម្រាប់ពួកគេ»។
អត្ថាធិប្បាយនេះទំនងយោងដល់ច្បាប់កុបកម្មឆ្នាំ១៨០៧ ដែលអនុញ្ញាតឲ្យប្រធានាធិបតីបង្ក្រាបការគ្មានច្បាប់ទម្លាប់ក្នុងអំឡុងស្ថានភាពអាសន្ន។ ច្បាប់នេះ បានប្រើនៅឆ្នាំ១៩៩២ នៅពេលដែលមានកុបកម្មនៅក្នុងក្រុង Los Angeles បន្ទាប់ពី Rodney King បុរសជនជាតិអាមេកាំងដើមកំណើតអាហ្វ្រិកបានត្រូវប៉ូលិសវាយដំ។
លោកប្រធានាធិបតីត្រាំនិយាយថា លោកបានប្រើធនធានសហព័ន្ធទាំងអស់ ទាំងស៊ីវិល និងយោធាដើម្បីបញ្ឈប់កុបកម្ម និងការលួចប្លន់ ដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញ និងការរលួចដុត ហើយនឹងការពារសិទ្ធិរបស់ពលរដ្ឋអាមេរិកាំងដែលគោរពច្បាប់ រួមមានសិទ្ធិវិសោធនកម្មទី២។ សិទ្ធិវិសោធនកម្មទី២របស់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកការពារសិទ្ធិរបស់ពលរដ្ឋអាមេរិកាំងទាំងអស់។
មុនពេលលោកប្រធានាធិបតីថ្លែង ពួកអ្នកយកព័ត៌មានដែលរង់ចាំការថ្លែងរបស់លោកប្រធានាធិបតីនៅឧទ្យានកូលាបអាចឮសំឡេងផ្ទុះយ៉ាងខ្លាំងមួយប្រាវមកពីឧស្ម័នបង្ហូរទឹកភ្នែកដែលត្រូវបានប្រើនៅជុំវិញឧទ្យាន Lafayette ដែលប៉ូលិសប្រឆាំងកុបកម្ម ការពារការរុញច្រានរបស់ពួកបាតុករដោយសន្តិវិធី។ គ្រាប់កាំភ្លើងជ័រក៏ត្រូវបានបាញ់ ហើយប៉ូលិសជិះសេះបានចូលទៅបោសសម្អាតតំបន់នោះ៕