ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump សរសើរ​ប្រទេស​អ៊ីរ៉ាក់​ពី​ជ័យជម្នះ​នៃ​ការ​វាយ​រំដោះ​ក្រុង Mosul


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​ក្នុង​កិច្ចប្រជុំ Women's Entrepreneurship Finance ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល G20 កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​ក្នុង​កិច្ចប្រជុំ Women's Entrepreneurship Finance ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល G20 កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។

កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​សរសើរ​ប្រទេស​អ៊ីរ៉ាក់ នាយក​រដ្ឋ​មន្ត្រី​ និង​កងកម្លាំង​សន្តិសុខ​នៃ​ប្រទេស​នេះ​ដែល​បាន​រំដោះ​ក្រុង Mosul ពី​ពួក​រដ្ឋ​ឥស្លាម។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​ លោក Trump បាន​និយាយថា​ការ​យក​ជ័យជម្នះ​លើ​ពួក​ជន​សកម្ម​ប្រយុទ្ធ​នេះ​នៅ​ក្នុង​ក្រុង Mosul «ផ្តល់​សញ្ញា​ថា​ពួក​នេះ​ជិត​ផុត​រលត់​ហើយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និង​ប្រទេស​ស៊ីរី»។ គាត់​បាន​សន្យា​ថែម​ទៀត​ថា​នឹង​ «បន្ត​ស្វះស្វែងឱ្យ​មាន​ការ​បំផ្លាញ​ពួក ISIS ទាំង​ស្រុង» ដោយ​ប្រើ​អក្សរ​កាត់​សម្គាល់​ពួក​រដ្ឋ​ឥស្លាម។​

លោក Trump បាន​និយាយ​ថា​ស.រ.អា.​សោក​សង្រេង​ដល់​ជនជាតិ​អ៊ីរ៉ាក់​រាប់ម៉ឺន​នាក់​ដែល​បាន​រង​ទុក្ខវេទនា​ និង​បាន​ស្លាប់​ក្នុង​កណ្តាប់​ដៃ​ពួក​រដ្ឋ​ឥស្លាម​ជាមួយ​នឹង​ការ «បាត់បង់​ពួក​ទាហានរបស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ក្រុម​យុទ្ធជន Kurde Peshmerga ប្រកប​ដោយ​វីរភាព​ដែល​បាន​បូជាជីវិត​ពួក​គេ»។

លោក​នាយក​រដ្ឋមន្ត្រី​ Haider al-Abadi បាន​ប្រកាស​ជ័យជម្នះ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ក្រុង​នេះ​ដែល​ពួករដ្ឋ​ឥស្លាម​បាន​ប្រកាស​ថា ​ជា​រដ្ឋធានី​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​

ថ្លែងពី​ផ្នែក​ក្រុង​ចាស់​នៃ​ក្រុង Mosul នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​បាន​ត្រូវ​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ លោក Abadi បាន​មាន​ប្រសាសន៍​ថា​ជ័យជម្នះ​នេះ​ជា​ជ័យជម្នះ​មួយ​លើ​ការ​សង្កត់សង្កិន ភាព​ឃោរឃៅ​ និង​ភេរវកម្ម។​

លោក​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ប្រកាស​នៅ​ក្នុង​ក្រុង Mosul ពីក្រុង Mosul ដល់​ប្រជារាស្ត្រ​ទាំង​អស់​អំពី​បរាជ័យ​ និង​ការ​រលំ​នៃ​ពួក​ភេរវជន​រដ្ឋ​ឥស្លាម»៕

XS
SM
MD
LG