លោក James Comey នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ដែលត្រូវបណ្តេញចេញពីដំណែងនិយាយថា លោកប្រធានាធិបតីត្រាំរំពឹងថា លោកបានប្តេជ្ញាចិត្តរក្សាភាពស្មោះត្រង់ហើយបានជំរុញឲ្យលោកទម្លាក់ចោលការស៊ើបអង្កេតនៅក្នុងការទាក់ទិនរវាងពួកអ្នកជំនួយការរបស់លោកប្រធានាធិបតីនិងពួកមន្រ្តីរុស្ស៊ី។
ការបង្ហាញខ្លួនជិតរយៈពេល៣ម៉ោងរបស់លោក Comey កាលពីថ្ងៃព្រហស្បតិ៍នៅខាងមុខគណៈកម្មាធិការស៊ើបការសម្ងាត់របស់ព្រឹទ្ធសភាកត់សម្គាល់ពីអត្ថាធិប្បាយជាសាធារណៈលើកទីមួយរបស់លោកអំពីការសន្ទនាចំនួន៩ដែលលោកបានធ្វើជាមួយប្រធានាធិបតីត្រាំក្នុងរយៈពេលប៉ុន្មានខែមុនពេលលោកត្រូវបាន បណ្តេញចេញពីដំណែង។ ព្រឹត្តិការណ៍នេះបានត្រូវរាយការណ៍ដោយបណ្តាញទូរទស្សន៍ធំៗរបស់សហរដ្ឋអាមេរិកហើយត្រូវបានគេមើលជុំវិញពិភពលោក។ លោកប្រធានាធិបតីត្រាំបានបណ្តេញលោក Camey ចេញពីដំណែងកាលពីខែមុន ដែលបាននិយាយថា លោកបានគិតពីបញ្ហារុស្ស៊ីនៅពេលដែលលោកបានសម្រេចចិត្តបណ្តេញប្រធានកំពូលរបស់ទីភ្នាក់ងារស៊ើបអង្កេតព្រហ្មទណ្ឌខណៈដែលលោកដឹកនាំការស៊ើបអង្កេតពីការពាក់ព័ន្ធប្រទេសរុស្ស៊ី។
អតីតនាយក FBI និងរដ្ឋអាជ្ញាបានប្រាប់ពួកសមាជិកសភាថា លោកមានការច្របូកច្របល់ពីការពន្យល់ខុសៗគ្នាដែលប្រធានាធិបតីត្រាំនិងពួកអ្នកជំនួយការរបស់លោកបានផ្តល់ឲ្យចំពោះការបណ្តេញចេញពីដំណែងនេះហើយលោកបាននិយាយទៀតថា ពួកគេបានជ្រើសរើសបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំចំពោះការបំពេញតួនាទីជានាយកFBI ដោយអះអាងខុសថា ទីភ្នាក់ងារនេះបានស្ថិតក្នុងភាពច្របូកច្របល់។
លោក Comey បាននិយាយពីការទាស់ទែងគ្នានៅសេតវិមានថា លោកប្រធានាធិបតីបានបាត់បង់ទំនុកចិត្តទីភ្នាក់ងារ FBI។
នៅទីបញ្ចប់លោក Comey បាននិយាយពីប្រធានាធិបតីត្រាំថា «ខ្ញុំនិយាយតាមពាក្យលោកប្រធានាធិបតីថា លោកឯងត្រូវបណ្តេញចេញពីដំណែងពីព្រោះតែការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បន្តស៊ើបអង្កេតពីបញ្ហាប្រទេសរុស្ស៊ី»។ នៅក្នុងសុន្ទរកថាថ្លែងបើកសវនការរបស់លោក លោក Comey បានរៀបរាប់ឡើងវិញពីការទទួលទានអាហារពេលល្ងាចនៅសេតវិមានកាលពីខែមករា ភ្លាមៗបន្ទាប់ពីលោកត្រាំចូលកាន់ដំណែង លោកប្រធានាធិបតីត្រាំបានប្រាប់លោក Comey ថា «ខ្ញុំត្រូវការភាពស្មោះត្រង់ ខ្ញុំរំពឹងទទួលបានភាពស្មោះត្រង់»។ ខ្ញុំមិនបានកម្រើកខ្លួន និយាយឬផ្លាស់ប្តូរទឹកមុខរបស់ខ្ញុំក្នុងអំឡុងនៃការរក្សាការស្ងៀមស្ងាត់ដ៏លំបាកដែលកើតមានបន្ទាប់មក។យើងគ្រាន់តែមើលមុខគ្នាទៅវិញទៅមកក្នុងភាពស្ងៀមស្ងាត់»។
លោក Mark Warner សមាជិកព្រឹទ្ធសភាកំពូលខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Virginia ដែលស្ថិតនៅក្នុងគណៈកម្មាធិការនោះដែរ បានហៅអត្ថាធិប្បាយរបស់ប្រធា នាធិបតីត្រាំដែលបានរៀបរាប់ឡើងវិញដោយលោក Comey ថា «ជាការរំខានដ៏ខ្លាំងបំផុត»។
នៅរសៀលថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភា បានកោះសម័យប្រជុំសភាសម្ងាត់ដើម្បីបន្តស្តាប់លោក Comeyដែលបាននិយាយថា លោកមានឆន្ទៈពិភាក្សាបញ្ហាជាច្រើនដែលមិនអាចនិយាយជាសាធារណៈបាន។ អស់លោកសមាជិកព្រឹទ្ធសភាបានជួបគ្នានៅក្នុងអាគារវិមានរដ្ឋសភា Capitol សហរដ្ឋអាមេរិកដែលត្រូវបានចាត់ទុកថាជាកន្លែងព័ត៌មានមានសន្តិសុខដែលគេមិនអាចលួចថតសំឡេងបាន។
ថ្វីបើលោកប្រធានាធិបតីត្រាំ ល្បីល្បាញខាងចូលចិត្តបញ្ជូនសារផ្សាយសារតាមប្រព័ន្ធ Twitter ក៏ដោយ លោកត្រាំបានរក្សាការស្ងៀមស្ងាត់ក្នុងអំឡុងនៃសាវនាការបស់ព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍។ លោកDonald Trump Juniorកូនប្រុសរបស់ប្រធានាធិប តីត្រាំ សរសេរសារជាបន្តបន្ទាប់រឹះគន់អត្ថាធិប្បាយរបស់លោក Comey។នៅឯសេតវិមានវិញ លោកស្រី Sarah HuckabeeSanders លេខាធិការរងព័ត៌មានបាននិយាយថា «ខ្ញុំប្រាកដនិយាយថា លោកប្រធានាធិបតីមិនមែនជាមនុស្សភូតកុហកទេ»។
លោក Marc Kasowitz ដែលជាមេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មានថា លោកប្រធានាធិបតីមិនដែលពិភាក្សាពីភាពស្មោះត្រង់ជាមួយលោក Comey ទេទោះបីក្នុងកាលៈទេសៈណាក៏ដោយ ហើយលោកប្រធានាធិបតីមិនដែលបញ្ជាឬស្នើឲ្យលោក Comey បញ្ឈប់ការស៊ើបអង្កេតអ្នកណាម្នាក់ដែរ៕