លោក Jim Comey នាយកការិយាល័យ FBI ត្រូវដកចេញពីតំណែងនឹងមានប្រសាសន៍ប្រាប់គណៈកម្មាធិការខាងផ្នែកស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាស.រ.អា.នៅថ្ងៃព្រហស្បតិ៍នេះថាប្រធានាធិបតី Donald Trump បានសុំឱ្យលោកមានភក្តីភាពដល់គាត់នៅក្នុងការសន្ទានាគ្នាក្នុងសេតវិមានអំពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារ FBI ស្តីពីពួកមន្ត្រីបច្ចុប្បន្ន និងពួកអតីតមន្ត្រីរបស់រដ្ឋបាល។
គណៈកម្មាធិការនេះបានចេញផ្សាយសំណៅដំបូងមួយនៃសេចក្តីថ្លែងការណ៍បើកសវនកម្មមាន៧ទំព័ររបស់លោក Comey មួយថ្ងៃមុនការបង្ហាញខ្លួនលោកតាមការកំណត់នៅចំពោះមុខគណៈកម្មាធិការនេះ។ ការណ៍នេះមានឡើងក្នុងរយៈពេលខ្លីក្រោយពីនាយកនៃផ្នែកស៊ើបការណ៍សម្ងាត់ជាតិ និងពួកមន្ត្រីជាន់ខ្ពស់ឯទៀតៗផ្នែកស៊ើបការណ៍សម្ងាត់បានប្រកែកមិនព្រមឆ្លើយនឹងសំណួររបស់គណៈកម្មាធិការនេះអំពីលោក Comey និងការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតក្នុងស.រ.អា.កាលពីឆ្នាំទៅមិញ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក Comey បានរៀបរាប់យ៉ាងល្អិតល្អន់អំពីការសន្ទនាគ្នាប្រាំលើកដាច់ដោយឡែកពីគ្នាជាមូយ Trump ដោយមានរួមបញ្ចូលទាំងការសុំរបស់ប្រធានាធិបតីរូបនេះឱ្យកែប្រែស្ថានភាពនៃការស៊ើបអង្កេតរបស់ FBI។
លោក Comey បានមានប្រសាសន៍រំលឹកអំពីជំនួបមួយនៅឯសេតវិមានថា «ប្រធានាធិបតីបាននិយាយថា ខ្ញុំត្រូវការភក្តីភាព ខ្ញុំរំពឹងថាមានភក្តីភាព។ ខ្ញុំមិនធ្វើចលនា មិននិយាយ ឬកែប្រែទឹកមុខខ្ញុំក្នុងវិធីណាមួយនៅពេលមានការស្ងាត់ស្ងៀមបែបមិនស្រួលនៅពេលបន្ទាប់មក។ យើងគ្រាន់តែមើលមុខគ្នាទៅវិញទៅមកដោយស្ងាត់ស្ងៀម»។
នៅក្នុងកំណត់សម្គាល់របស់លោកត្រូវរៀបចំជាមុន លោក Comey បានមានប្រសាសន៍ថា លោកបាននិយាយប្រាប់ Trump បីដងថាគាត់មិនបានត្រូវស៊ើបអង្កេតដោយ FBI ទេ អំពីថាតើពួកសហការីរបស់គាត់មានការទាក់ទងមិនត្រឹមត្រូវជាមួយពួកមន្ត្រីរដ្ឋាភិបាលរុស្ស៊ី ឬទេ។
នៅក្នុងកថាខណ្ឌមួយទៀត លោក Comey នឹងផ្តល់សក្ខីកម្មថា Trump បានសុំដល់លោកកាលពីថ្ងៃទី១៤ខែកុម្ភៈឱ្យ «បញ្ឈប់» ការស៊ើបងង្កេតអំពីលោក Michael Flynn ដែលបានត្រូវដកចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិកាលពីមួយថ្ងៃមុននោះ។ លោក Comey បានដកស្រង់ពាក្យសម្តីរបស់ Trump ដែលបាននិយាយថា «ខ្ញុំសង្ឃឹមថាលោកយល់ឃើញច្បាស់លាស់ថា គួរបញ្ឈប់ការស៊ើបអង្កេតអំពីលោក Flynn ហើយ។ លោក Flynn ជាមនុស្សល្អ។ ខ្ញុំសង្ឃឹមថាលោកអាចបញ្ឈប់ការស៊ើបអង្កេតនេះ»។
កាលពីខែមុន Trump បានបដិសេធដាច់អហង្ការថា គាត់មិនបានបង្ខិតបង្ខំលោក Comey ឱ្យបញ្ឈប់ការស៊ើបអង្កេតអំពីលោក Flynn ទេ។ គាត់បានឆ្លើយតបនឹងសំណួររបស់អ្នកកាសែតម្នាក់ថា «ទេ ទេ សំណួរបន្ទាប់»។ ប្រធានាធិបតីអាមេរិកាំងរូបនេះក៏បានច្រានចោលការចោទប្រកាន់ដែលថាពួកសហការីរបស់គាត់បានឃុបឃិតជាមួយរុស្ស៊ីដើម្បីឱ្យមានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីខែវិច្ឆិកាមុនដោយគាត់បានហៅការចោទប្រកាន់នេះថាជា «ការតាមធ្វើទុក្ខបុកម្នេញ» មួយ៕