ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​លោក​ប្រធានាធិបតី​ត្រាំ និង​អតីត​នាយក​ទីភ្នាក់ងារ​ FBI ​ផ្ទុះ​ឡើង​ជា​ថ្មី


សៀវភៅ​ថ្មី​របស់​លោក​អតីត​នាយក​ភ្នាក់ងារ FBI ដែល​មាន​ចំណងជើង​ថា «ភាព​ស្មោះត្រង់​ខ្ពស់​ជាង‍៖ ការ​ពិត ការ​កុហក និង​ភាព​ជា​អ្នក​ដឹកនាំ» ត្រូវ​បាន​គេ​តាំង​ កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ក្នុង​ក្រុង​ញូវយ៉ក។
សៀវភៅ​ថ្មី​របស់​លោក​អតីត​នាយក​ភ្នាក់ងារ FBI ដែល​មាន​ចំណងជើង​ថា «ភាព​ស្មោះត្រង់​ខ្ពស់​ជាង‍៖ ការ​ពិត ការ​កុហក និង​ភាព​ជា​អ្នក​ដឹកនាំ» ត្រូវ​បាន​គេ​តាំង​ កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ក្នុង​ក្រុង​ញូវយ៉ក។

ក្រុង​វ៉ាស៊ីនតោន​កំពុង​ធ្វើជា​សាក្សី​ក្នុង​សង្គ្រាម​ពាក្យ​សម្តី​ជាថ្មី​រវាង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​ជាមួយ​នឹង​អតីត​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ ​FBI ​គឺលោក ជេម ខូមី ​(James Comey)​ ដែល​លោក​ ត្រាំ ​បាន​បណ្តេញ​ចេញ​កាល​ពី​ឆ្នាំ​ទៅ។​ របាយការណ៍​ព័ត៌មាន​នានា​រាយការណ៍​ថា​ លោក​ ខូមី ​កំពុង​និយាយ​រិះគន់​មុនពេល បញ្ចេញ​សៀវភៅ​មួយក្បាល ​ដែល​សរសេរ​លម្អិត​អំពី​បញ្ហា​ចម្រូងចម្រាស​ទល់​នឹង ​លោក​ត្រាំ ​ក៏ដូចជា​ការស៊ើប​អង្កេត​របស់​ប៉ូលិស ​FBI ​ចំពោះ​សកម្មភាព​ទិន្នន័យ​អ៊ីម៉ែល​ របស់​លោកស្រី​ ហ៊ីលឡឺរី​ គ្លីនតុន​ក្នុង​ឋានៈ​ជារដ្ឋមន្ត្រី​ការបរទេស។ ​

លោក​ប្រធានាធិបតី​ស.រ.អា​ដូណាល់ ត្រាំ​បាន​ឈាន​ដល់ការ​ប្រមាថ​តិះដៀល​ជា លក្ខណៈ​ឯកជន​តាម​ប្រព័ន្ធ​សង្គម ​Twitter ​ប្រឆាំងនឹង​លោក ​ជេម ខូមី ​(James Comey)​ ដោយ​បាន​ហៅ​លោក​ថា​ជា​មនុស្ស​មិន​ស្មោះត្រង់ ​ជា​ជន​ទម្លាយ​ការ​សម្ងាត់ ​និង​ជា​ជន​ភូតភរ ​ហើយ​និង​ជា​នាយក​ FBI ​ដ៏អាក្រក់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។

ដំណាលគ្នា​ដែរ ​លោក ​ខូមី ​បាន​និយាយ​រិះគន់​តបវិញ​ដោយពាក្យ​ចោទ​ប្រកាន់​នៅ​ពេល​ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន ​ABC NEWS ​ថា៖

«ខ្ញុំមិន​ដឹង​ថា​តើ​ប្រធានាធិបតី​ស.រ.អា​បច្ចុប្បន្ន​បាន​នៅ​ជាមួយ ​ស្រី​បេស្យា​ជាច្រើន ហើយ​នោម​ដាក់​គ្នា​ទៅវិញ​ទៅ​មក​ ក្នុងទីក្រុង​មូស្គូ ​កាលពី​ឆ្នាំ​២០១៣‍»។

នៅក្នុង​សៀវភៅ​ថ្មីរបស់​លោក ​ដាក់​ចំណង​ជើង​ថា​ «ភាព​ស្មោះត្រង់​ខ្ពស់​ជាង‍​ ឬ A Higher Loyalty» ​នោះ ​លោក​ខូមី ​ បាន​ពិពណ៌នា​លោក​ប្រធានាធិបតី​ថា ​ជា​មនុស្ស មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ដោយ​សារ​តែការ​ចោទ​ប្រកាន់​បែប​បង្ក​ជម្លោះ​និងគ្មាន ភស្តុតាង​ របស់​អ្នកស្រាវជ្រាវ​អង់គ្លេស​ម្នាក់​ ដែល​លោក​ស្រី គ្លីនតុន​បាន​ជួល​ក្នុង យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាលពី​ឆ្នាំ២០១៦។ ​ហើយ​លោក​ខូមី​និយាយ​ម្តងហើយ​ម្តង​ទៀតថា​ លោក ត្រាំ ​បានដាក់​សម្ពាធ​រូប​លោក​ឲ្យចាត់​វិធានការ ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​លោក​ប្រធានាធិបតី។

លោកស្រី ​SARAH​ HUCKABEE ​SANDERS ​អ្នកនាំពាក្យ​សេតវិមាន​បានថ្លែង​ប្រាប់ បណ្តាញ​ទូរទស្សន៍​ ABC ​ប៉ុន្មានថ្ងៃ​មុននេះ​ថា៖

«លោក​ James Comey​ គ្មាន​កេរ្តិ៍​ឈ្មោះ​ទេ ​ហើយ​លោក​មិន​គួរ​ដឹកនាំ​ស្ថាប័ន​ FBI តទៅ​ទៀត​ដែរ។​ នៅទីបំផុត​ ប្រធានាធិបតី​នេះ ​នឹងត្រូវ​គេវាយ​តម្លៃ​លើបញ្ហា​ចំនួន២ គឺរឿង​សេដ្ឋកិច្ច​និង​សន្តិសុខជាតិ‍»។

លោក ​ត្រាំ ​បាន​កោតសរសើរ​លោក ​ខូមី ​កាលពីចុង​ឆ្នាំ​២០១៦។

«លោក​នាយក ​ខូមី​ ក្លាហាន​ណាស់ ​ដើម្បី​ធ្វើ​ឲ្យ​មាន​ដំណើរ​ការ​រឿង​ ដែល​លោក បាន​ធ្វើ»។

តិចជាង​២សប្តាហ៍​មុនពេល​បោះឆ្នោត​ លោក ខូមី​បានប្រកាស​ថា FBI ​ត្រូវបើក​ការ ស៊ើប​អង្កេត​ឡើងវិញ​ក្នុងសំណុំ​រឿង​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទិន្នន័យ​អ៊ីម៉ែល​ប៉ុន្មាន ឆ្នាំមុន ​របស់​លោកស្រី ​ហ៊ីលឡឺរី គ្លីនតុន ​ដែលពេល​នោះ​ជាបេក្ខជន​ប្រធានាធិបតី ខាង​គណបក្ស​ប្រជាធិបតេយ្យ​ តែលោក​ខូមី​បានសារភាព​ថាលោក​បាន​ធ្វើ​ប្រតិបត្តិការ​ស៊ើបអង្កេត​តាម​ការ​សន្និដ្ឋាន​គ្មាន​ការ​ពិត។

លោក ខូមី​ បានថ្លែង​ប្រាប់​ព័ត៌មាន ​ABC NEWS ​ទៀត​ថា៖

«ហេតុផល​របស់ខ្ញុំ​គឺថា​ លោកស្រី​គ្លីនតុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ជាប់ឆ្នោត។ ហើយបើ​ខ្ញុំ​លាក់​រឿង​នេះ ​មិនប្រាប់​ពលរដ្ឋ​អាមេរិកាំង​អំពី​ការ​ស៊ើបអង្កេត​រឿង​អ៊ីម៉ែល នេះ ​លោកស្រី ​គ្លីនតុន​នឹង​គ្មាន​ភាព​ស្របច្បាប់​ទេ​នៅ​ពេល​លោក​ស្រីជាប់​ឆ្នោត‍»។

ជម្លោះ​រវាង​លោកត្រាំ​ និង ​លោក ខូមី ​ជា​ថ្មី​ ហើយកាន់​តែ​តាន​តឹង​ឡើង​នេះ​ កើតឡើង​ដំណាលគ្នា​ដែល​ក្រុម​សមាជិក​ព្រឹទ្ធសភា​ទាំងពីរ​គណបក្ស ​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់ ដើម្បី​ការពារ​នាយក​ក្រុមប្រឹក្សា​ច្បាប់​ពិសេស​ ទទួល​បន្ទុកការ​ស៊ើបអង្កេត​អំពី​រុស្ស៉ី គឺលោក ​Robert Mueller​ មិន​ឲ្យ​លោក​ ត្រាំ​បណ្តេញ​ចេញ​បាន។ ​លោក​ប្រធានាធិបតី បានវាយ​ប្រហារ​រិះគន់​ធ្ងន់ៗ​លើ​របាយ​ការណ៍​បណ្តាញ​ព័ត៌មាន​ថ្មីៗ ​ហើយថា​ លោក នៅតែ​មានបំណង​បណ្តេញ​លោក​ Robert Mueller ​ចេញ ​ដូចជា​លោក​បណ្តេញ បណ្តាញ​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​អញ្ចឹង៕

XS
SM
MD
LG