លោក Donald Trump បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សសាធារណរដ្ឋនិងលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនឹងជជែកដេញដោលគ្នាលើកទីពីរនៅយប់ថ្ងៃអាទិត្យតាមពេលវេលានៅស.រ.អា. ទោះណាជាសមាជិកសំខាន់ៗរបស់គណបក្សសាធារណរដ្ឋបានទាមទារឱ្យលោក Trump ដកខ្លួនថយចេញពីការប្រកួតប្រជែងនេះក៏ដោយ។
ការហៅឲ្យដកខ្លួននេះ មានឡើងក្រោយពីមានការផ្សព្វផ្សាយវីដេអូមួយដែលត្រូវបានថតកាលពីឆ្នាំ២០០៥ ដែលវីដេអូនោះបង្ហាញឱ្យឃើញលោក Trump ធ្វើអត្ថាធិប្បាយដោយប្រើពាក្យអាសគ្រាមទៅលើស្ត្រី និងការអួតអាងរបស់លោកក្នុងបំណងកាមតណ្ហា ដែលធ្វើឲ្យប៉ះពាល់ដល់ស្ត្រី។
កាលពីថ្ងៃសៅរ៍ លោក Trump បាននិយាយថាមាន"ឱកាសសូន្យ"ដែលលោកនឹងបោះបង់ចោលការប្រកួតប្រជែងដើម្បីតំណែងកំពូលក្នុងសេតវិមានក្នុងពេលតែមួយខែមុនការបោះឆ្នោតប្រធានាធិបតីស.រ.អ.នៅថ្ងៃទី៨ខែវិច្ឆិកាហើយលោកបានសុំអភ័យទោសអំពីអត្ថាធិប្បាយទាំងនោះរបស់លោក។
ក៏ប៉ុន្តែ លោកស្រី Hillary Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស្វះស្វែងឱ្យក្លាយទៅជាប្រធានាធិបតីស្ត្រីទីមួយនៃប្រទេសអាមេរិក មិនធ្លាប់វាយប្រហារលោក Trump ទៅលើបញ្ហានេះទេពីមុនមក។ លោកស្រីគ្រោងនឹងថ្លែងជាសាធារណៈនិងប្រឈមជាមួយលោក Trump អំពីបញ្ហាកាមតណ្ហានេះនៅក្នុងការជជែកដេញដោលគ្នានៅក្នុងក្រុង St. Louis រដ្ឋ Missouri នាផ្នែកកណ្តាលខាងលិចស.រ.អ.។
នៅក្នុងសេចក្តីថ្លែងការណ៍មួយតាម Twitter លោកស្រី Clinton បានហៅអត្ថាធិប្បាយរបស់លោក Trump ថា«ជាការគួរឱ្យខ្លាច»។
នៅពេលជាមួយគ្នានេះ លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យឈរឈ្មោះលើកដំបូងដើម្បីតំណែងសាធារណៈ បាននិយាយថា រឿងចម្រូងចម្រាស់នេះ«គ្មានអ្វីក្រៅពីការធ្វើឱ្យមានការរំខានតែប៉ុណ្ណោះ» ទោះណាជាការស្ទង់មតិខាងនយោបាយនៅក្នុងប្រទេសបង្ហាញថា ការគាំទ្រដល់លោកបានចុះថយចុះតាំងពីមុនការផ្សព្វផ្សាយវីដេអូនេះកាលពីថ្ងៃសុក្រទៅទៀត។
លោកស្រី Clinton នាំមុខលោក Trump ជាងបួនភាគរយ ហើយលោកស្រីមានការគាំទ្រច្រើនជាងមុននៅក្នុងរដ្ឋសំខាន់ៗនៃការប្រកួតប្រជែងដើម្បីតំណែងប្រធានាធិបតីលើកនេះ៕