ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយនឹងនាយករដ្ឋមន្រ្តីប្រទេសដាណឺម៉ាក ដោយសារតែលោកស្រីនាយករដ្ឋមន្រ្តីនឹងមិនពិភាក្សាអំពីលទ្ធភាពនៃការលក់កោះ Greenland ទៅឲ្យសហរដ្ឋអាមេរិកទេ។
លោក Trump បានបង្ហោះសារនៅលើ Twitter ថា «ដាណឺម៉ាកគឺជា ប្រទេសពិសេសដែលមានពលរដ្ឋល្អៗ ប៉ុន្តែផ្អែកលើអត្ថាធិប្បាយរបស់លោកស្រីនាយករដ្ឋមន្រ្តី Mette Frederiksen ថា លោកស្រីគ្មានចំណាប់អារម្មណ៍ក្នុងការពិភាក្សាអំពីការទិញដូរកោះ Greenland នោះ ខ្ញុំនឹងពន្យាពេលកិច្ចប្រជុំរបស់យើងរយៈពេលពីរសប្តាហ៍ ហើយនឹងកំណត់ពេលប្រជុំទៅពេលក្រោយទៀត»។
លោក Trump ក៏បានថ្លែងអំណរគុណដល់លោកស្រី Frederiksen ចំពោះការរក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ល្អនិងកិច្ចប្រឹងប្រែងនានាសម្រាប់សហរដ្ឋអាមេរិកនិងប្រទេសដាណឺម៉ាក។
នាពេលថ្មីៗនេះ លោក Trump បានបង្ហើបឲ្យដឹងអំពីគំនិតចង់ទិញកោះ Greenland ពីប្រទេសដាណឺម៉ាក ដោយលោកបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសដាណឺម៉ាក់ជាអ្នកគ្រប់គ្រងកោះមួយនេះ ហើយយើងគឺជាសម្ព័ន្ធមិត្តដ៏ល្អជាមួយនឹងដាណឺម៉ាក»។
ក្រុមមន្រ្តីនៅប្រទេសដាណឺម៉ាក និងមន្ត្រីនៅកោះ Greenland ភ្លាមៗបានឆ្លើយតបវិញថា កោះ Greenland មិនមែនសម្រាប់លក់ដូរទេ។
លោកស្រី Frederiksen បានប្រាប់សារព័ត៌មាន Sermitsiaq នៅអំឡុងពេលលោកស្រីធ្វើទស្សនកិច្ចនៅកោះ Greenland ថា «កោះGreenland មិនមែនសម្រាប់លក់ដូរទេ។ Greenland មិនមែនជារបស់ដាណឺម៉ាកទេ។ Greenland ជារបស់ Greenland។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបញ្ហានេះមិនមែនជារឿងធំដុំទេ»។
លោក Trump បានទទួលការអញ្ជើញឲ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅប្រទេសដាណឺម៉ាកនៅដើមខែកញ្ញាខាងមុខនេះ ប៉ុន្តែអ្នកនាំពាក្យសេតវិមានលោក Judd Deere បានអះអាងកាលពីល្ងាចថ្ងៃអង្គារថា ដំណើរទស្សនកិច្ចនោះត្រូវបានលុបចោលហើយ៕