លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនពេញចិត្តជាមួយកិច្ចព្រមព្រៀងដែលសមាជិកសភាបានសម្រេចសម្រាប់ការកសាងរបាំងថ្មីមានកម្រិតនៅតាមព្រំដែនរវាងស.រ.អា និងប្រទេសម៉ិចស៊ិកទេ ក៏ប៉ុន្តែថាលោកមិនគិតថានឹងមានការបិទផ្នែកខ្លះនៃរដ្ឋាភិបាលមួយលើកទៀតទេអំពីជម្លោះនេះ។
លោក Trump បាននិយាយប្រាប់ការប្រជុំមួយនៃគណៈរដ្ឋមន្ត្រីនៅឯសេតវិមានថា «ខ្ញុំមិនអាចនិយាយថាខ្ញុំសប្បាយចិត្តទេ។ខ្ញុំមិនអាចនិយាយថាខ្ញុំរំភើបចិត្តបានទេ»។
មេដឹកនាំអាមេរិកាំងរូបនេះបាននិយាយថា លោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់មួយដែលមានរួមបញ្ចូលប្រាក់ ១ពាន់៣រយ៧៥លានដុល្លារសម្រាប់កសាងរបងថ្មីមានប្រវែង ៨៨គ.ម.នៅឯព្រំដែនគឺមានប្រមាណមួយភាគបួននៃទឹកប្រាក់ចំនួន៥ពាន់៧រយលានដុល្លារដែលលោកចង់បានសម្រាប់ស្ថបនាជញ្ជាំងមួយ។ ចំណាត់ការនេះអាចបញ្ចៀសមិនឱ្យមានការបិទផ្នែកខ្លះនៃរដ្ឋាភិបាលមួយលើកទៀតក្នុងរយៈពេលបីសប្តាហ៍ក្រោយការបិទរដ្ឋាភិបាលសហព័ន្ធយ៉ាងយូរមិនធ្លាប់មានពីពេលមុនចំនួន៣៥ថ្ងៃដែលបានចប់កាលពីខែមុន។ ការផ្តល់ប្រាក់កាសសម្រាប់កិច្ចប្រតិបត្តិការរបស់រដ្ឋាភិបាលចំនួនមួយភាគបួនអស់ទឹកប្រាក់ទៀតនៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដោយមានរួមបញ្ចូលទាំងប្រាក់សម្រាប់ទីភ្នាក់ងារសន្តិសុខមាតុភូមិដែលយាមល្បាតព្រំដែនផងដែរ។
លោក Trump បាននិយាយថា «ខ្ញុំមិនឃើញថាយើងនឹងមានការបិទរដ្ឋាភិបាលមួយលើកទៀតទេ។ខ្ញុំមិនយល់ថាការបិទរដ្ឋាភិបាលនឹងកើតមានទេ។យើងមិនចង់ឃើញមានការបិទរដ្ឋាភិបាលទេ»។
លោក Trump បានបង្ហាញសញ្ញាថាលោកនឹងរកប្រាក់ឯទៀតៗរបស់រដ្ឋាភិបាលដើម្បីពង្រីកការកសាងជញ្ជាំងដោយគ្មានការអនុញ្ញាតពីសភាដែលជាមធ្យោបាយមួយដែលនឹងនាំឱ្យមានការជំទាស់តាមផ្លូវច្បាប់ពីក្រុមប្រជាធិបតេយ្យដែលជាពួកប្រឆាំង៕