លោកប្រធានាធិបតីស.រ.អា. Donald Trump ចាប់ផ្តើមដំណើរការរៀបចំថវិកាសហព័ន្ធយ៉ាងវែងដោយស្នើបង្កើនចំណាយខាងយោធា និងកាត់បន្ថយថវិកាសម្រាប់ក្រសួងការបរទេសនិងទីភ្នាក់ងារឯទៀតៗដូចជាទីភ្នាក់ងារការពារបរិស្ថានជាដើម។
ពួកមន្ត្រីរដ្ឋបាលអាមេរិកាំងនិយាយថាសេតវិមានបង្ហាញយ៉ាងល្អិតល្អន់អំពីទស្សនវិស័យរបស់ខ្លួនស្តីពីចំណាយសហព័ន្ធនៅក្នុងអនុស្សរណៈមួយផ្ញើទៅឱ្យទីភ្នាក់ងារទាំងឡាយនៅថ្ងៃចន្ទនេះ។ ការិយាល័យផ្នែកចាត់ចែងកិច្ចការនិងថវិកានិយាយថាចំណុចសំខាន់ៗនៃថវិកាដែលមានការលាតត្រដាងច្រើនជាងមុននឹងត្រូវរំពឹងថាផ្សព្វផ្សាយឱ្យដឹងនៅពាក់កណ្តាលខែមីនា។
នៅពេលជាបេក្ខជនប្រធានាធិបតី លោក Trump បានសន្យាច្រើនដងថាលោកនឹងបង្កើនចំណាយខាងយោធា ហើយនៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងកាលពីថ្ងៃសុក្រលោកបានសន្យាថាជា «ការបង្កើនកម្លាំងយោធាធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិកាំង»។
លោកក៏បាននិយាយដែរថាលោកនឹងមិនស្វះស្វែងឱ្យមានការកាត់បន្ថយក្នុងកម្មវិធីនានាដូចជាសន្តិសុខសង្គមនិង Medicare ទេ។
អ្វីៗដែលលោកប្រធានាធិបតីស្នើទៅទីភ្នាក់ងារនានានៅថ្ងៃចន្ទនេះមិនប្រាកដជាថវិកាចុងក្រោយបង្អស់ទេសម្រាប់ឆ្នាំសារពើពន្ធ២០១៨ដែលចាប់ផ្តើមនៅខែតុលា។
ទីភ្នាក់ងារនីមួយៗនឹងឆ្លើយតបជាមួយការជជែកបង្ហាញហេតុផលអំពីអ្វីដែលគួរជាថវិការបស់ផងខ្លួន ហើយស្រេចតែលើសភាទេដែលបោះឆ្នោតអំពីចំណាយសហព័ន្ធ។
លោក Trump នឹងជួបនៅថ្ងៃចន្ទនេះនៅឯសេតវិមានជាមួយលោក Paul Ryanប្រធានសភាតំណាងរាស្ត្រអាមេរិកាំងនិងលោក Mitch McConnell មេដឹកនាំក្រុមភាគច្រើននៅក្នុងព្រឹទ្ធសភាស.រ.អា.។ មួយថ្ងៃបន្ទាប់មក លោកនឹងថ្លែងសុន្ទរកថាទៅកាន់សម័យប្រជុំរួមនៃសភាស.រ.អា.ដែលជាសុន្ទរកថាសំខាន់មួយក្នុងរយៈពេល៦សប្តាហ៍ក្រោយពេលលោកចូលកាន់តំណែងប្រធានាធិបតីស.រ.អា.៕