លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅពេលមានសូរសព្ទឈូឆរអឺងកងអំពីសន្និសីទកំពូលលើកដំបូងរបស់លោកនៅសប្តាហ៍នេះជាមួយប្រធានាធិបតីរុស្ស៊ីនោះ លោកបានប្រាប់ឲ្យដឹងថា អាចមានជំនួបកំពូលបែបនេះលើកទី២ជាមួយប្រធានាធិបតី Vladimir Putin។
លោកត្រាំបានសរសេរនៅលើប្រព័ន្ធTwitter ដោយបានហៅជំនួបកំពូលកាលពីថ្ងៃចន្ទក្នុងរដ្ឋធានីហ៊ែលស៊ីនគីថា «ជាការជោគជ័យដ៏អស្ចារ្យមួយ លើកលែងតែជាមួយសត្រូវពិតប្រាកដរបស់ប្រជាពលរដ្ឋគឺបណ្តាញព័ត៌មានក្លែងក្លាយ»។
លោកប្រធានាធិបតីត្រាំបានសរសេរថា «ខ្ញុំរំពឹងនឹងមានជំនួបលើកទី២របស់យើងដែលយើងអាចចាប់ផ្តើមអនុវត្តនូវចំណុចជាច្រើនដែលបានពិភាក្សាគ្នា រួមមានការបញ្ឈប់ភេរវកម្ម សន្តិសុខសម្រាប់ប្រទេសអ៊ីស្រាអែល ការរីកសាយអាវុធនុយក្លែអ៊ែ ការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រ ពាណិជ្ជកម្ម ប្រទេសអ៊ុយក្រែន សន្តិភាពតំបន់មជ្ឈឹមបូព៌ា ប្រទេសកូរ៉េខាងជើងនិងបញ្ហាផ្សេងៗទៀត»។
នៅក្នុងសារតាមប្រព័ន្ធTwitter មួយទៀតកាលពីព្រឹកថ្ងៃព្រហស្បត៍ «ប្រធានាធិបតីត្រាំបានចោទប្រកាន់បណ្តាញព័ត៌មាននៅក្នុងប្រទេសមានគោលបំណងអាក្រក់ធ្វើឲ្យមើលឃើញការប្រឈមមុខដ៏ខ្លាំងជាមួយរុស្ស៊ី ទោះបីការប្រឈមនោះអាចនាំឲ្យមានសង្គ្រាមក៏ដោយ»។
ប្រធានាធិបតី Putin កំពុងស្តីបន្ទោសកម្លាំងខាងនយោបាយនៅក្នុងសហរដ្ឋអាមេរិកចំពោះការប៉ុនប៉ងធ្វើឲ្យអន្តរាយជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីអាមេរិកាំង។
នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីចាកចេញពីប្រទេសផាំងឡង់ដែលទាក់ទិននឹងជំនួបរបស់លោកជាមួយប្រធានាធិបតីត្រាំមកលោក Putin បានប្រាប់ពួកអ្នកការទូតរុស្ស៊ីថា «យើងយល់ថា មានកម្លាំងនៅក្នុងសហ រដ្ឋអាមេរិកដែលបានប្រុងប្រៀបលះបង់ទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិកលះ បង់ទំនាក់ទំនងនេះដើម្បីមហិច្ឆិតាជម្លោះខាងនយោបាយក្នុងសហរដ្ឋអាមេរិក៕